កម្មវិធីវីដេអូ Zoom សងសំណង ៨៦ លានដុល្លារក្នុងពាក្យបណ្ដឹងឯកជនភាពទិន្នន័យផ្ទាល់ខ្លួន

ក្រុមហ៊ុន​សន្និសីទ​វីដេអូ​អាមេរិក Zoom បាន​យល់ព្រម​សង​សំណង​ចំនួន​ ៨៦ លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​ឯកជន​ភាព​ទិន្នន័យ​ផ្ទាល់​ខ្លួន ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ Zoom បាន​រំលោភ​សិទ្ធ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ ដោយ​ចែកចាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ដូចជា​ Facebook Google និង​LinkedIn​។

ក្រុមហ៊ុន​បាន​បដិសេធ​រាល់​ការ​ធ្វើ​ខុស ប៉ុន្តែ​បាន​យល់​ព្រម​សង​សំណើង​ហើយ​បង្កើន​ការ​អនុវត្ត​សន្តិសុខ​ទិន្នន័យ​របស់​ខ្លួន។

ក្នុង​ដំណោះ​ស្រាយ​បឋម​ ដែល​នៅ​ត្រូវ​ការ​ការ​អនុម័ត​ដោយ​ចៅក្រម​ រួម​មាន​បទប្បញ្ញត្តិ​កំណត់​ឱ្យ​ក្រុមហ៊ុន Zoomផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​បុគ្គលិក​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ឯកជន​ភាព​។

ពាក្យ​បណ្ដឹង ដែល​បាន​ប្ដឹង​នៅ​ខែ​មីនា​ឆ្នាំ ២០២០ នៅ​តុលាការ​ភាគ​ខាង​ជើង​រដ្ឋ​កាលីហ្វ័រញ៉ា គឺ​គ្រាន់​តែ​ជា​ពាក្យ​បណ្ដឹង​មួយ​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ជា​ច្រើន​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​មុខ​នឹង​។ ពាក្យ​បណ្ដឹង​នេះ​ គឺ​មាន​ដើម​បណ្ដឹង​ជា​អ្នក​ប្រើប្រាស់​បង់​ថ្លៃ​ និង​អ្នក​ប្រើប្រាស់​ឥត​គិត​ថ្លៃ​រាប់​លាន​នាក់​នៅ​អាមេរិក​។

បើ​សិន​សំណង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​តុលាការ​ អតិថិជន​បង់​ថ្លៃ​នីមួយ​ៗ នឹង​ទទួល​សំណង​ប្រមាណ​ ២៥ ដុល្លារ ហើយ​អ្នក​ប្រើប្រាស់​ឥត​គិត​ថ្លៃ​នឹង​ទទួល​សំណង​ ១៥ ដុល្លារ​។ រីឯ​មេធាវី​តំណាង​ដើម​បណ្ដឹង​វិញ​ គ្រោង​នឹង​ទាមទារ​សំណង​ជា​ថ្លៃ​សេវា​ច្បាប់ ២១,៣ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ Zoom​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner