ការផុតកំណត់នៃសេចក្ដីបញ្ជាផ្អាកការបណ្ដេញចេញពីលំនៅឋាន ជំរុញឱ្យមានការព្រួយបារម្ភ
ការព្រួយបារម្ភកំពុងកើនឡើងនៅសហរដ្ឋអាមេរិក បន្ទាប់សេចក្ដីបញ្ជាផ្អាកការបណ្ដេញអ្នកជួលចេញពីលំនៅឋានក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ត្រូវបានផុតកំណត់នៅចុងសប្ដាហ៍មុន ហើយគំរាមកំហែងធ្វើឱ្យពលរដ្ឋអាមេរិករាប់លាននាក់គ្មានលំនៅឋាននៅសប្ដាហ៍នេះ។

អ្នកជួលផ្ទះត្រូវបានការពារពីបណ្ដេញចេញ បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់អាមេរិក (CDC) បានចេញសេចក្ដីបញ្ជាផ្អាកខាងលើនេះកាលពីឆ្នាំមុន ដើម្បីរក្សាមនុស្សក្នុងផ្ទះ ខណៈពេលដែលជំងឺកូវីដ១៩កំពុងរីករាលដាលយ៉ាងខ្លាំងនៅអាមេរិក ដែលមកដល់ពេលនេះបានសម្លាប់មនុស្សជាង ៦១៣.០០០ នាក់នៅទូទាំងប្រទេស ហើយបង្កការខូចខាតយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច។
សេចក្ដីបញ្ជាបានផុតកំណត់នៅកណ្ដាលអធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ បង្កប្រញាប់ប្រញាល់រំដោះកញ្ចប់ថវិកាជំនួយឈ្នួលផ្ទះរាប់ពាន់លានដុល្លារ ដែលជាប់គាំងនៅសភាអាមេរិក ហើយរួមជាមួយនឹងអសកម្មភាព និងការបោះការចោទប្រកាន់ទៅវិញទៅមក។
ស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិអាមេរិក បានធ្វើដូចពួកគេមិនដឹងជាមុនអំពីការផុតកំណត់នេះ ហើយទើបតែចាប់ផ្ដើមពិភាក្សាលើវិធានការបន្តនៅនាទីចុងក្រោយ។
កាលពីថ្ងៃសុក្រ សភាតំណាងរាស្ត្រអាមេរិកបានបិទសម័យប្រជុំ ដោយបរាជ័យក្នុងការអនុម័តវិធានការណ៍ណាមួយសម្រាប់ដោះស្រាយបញ្ហានេះ បន្ទាប់ពីសមាជិកសភាបក្សសាធារណរដ្ឋមួយរូបបានរារាំងការព្រមព្រៀងជាឯកច្ឆន្ទធ្វើការបន្តសេចក្ដីបញ្ជាផ្អាកនេះរហូតដល់ថ្ងៃទី ១៨ ខែតុលា។ មេដឹកនាំបក្សប្រជាធិបតេយ្យនៅសភាអាមេរិក បាននិយាយថាពួកគេមិនការគ្រប់គ្រាន់សម្រាប់អនុម័តការបន្តវិធានការនេះក្នុងការបោះឆ្នោតផ្លូវការនៅក្នុងសភាទេ។
ព្រឹទ្ធសភាអាមេរិកបានរៀបចំសម័យប្រជុំដ៏កម្រមួយនៅថ្ងៃសៅរ៍ ប៉ុន្តែមិនបានពិភាក្សាអំពីការហាមឃាត់ការបណ្ដេញចេញទេ។ រីឯសេតវិមានវិញ បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនពង្រីកការការពារនេះជាឯកតោភាគីឡើយ ដោយសំអាងថាខ្លួនមិនមានសិទ្ធិអំណាចស្របច្បាប់ដើម្បីធ្វើដូចនេះបន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការកំពូលកាលពីខែមិថុនា ដែលបានរកឃើញថាសេចក្ដីបញ្ជារបស់ CDC គឺលើសពីដែនសិទ្ធអំណាចចែងក្នុងច្បាប់របស់ភ្នាក់ងារនេះ។
ប៉ុន្មានម៉ោងមុនការផុតកំណត់ លោកប្រធានាធិបតីចូ បៃដិន បានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យ «ចាត់វិធានការទាំងអស់ដែលអាចធ្វើទៅបាន» ដើម្បីផ្ដល់ប្រាក់ជំនួយភ្លាមៗ។ ប៉ុន្តែសមាជិកសភា ទាំងសមាជិកខ្លះមកពីគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោកបៃដិន បាននិយាយថាពួកគេត្រូវមានការភ្ញាក់ផ្អើលដោយភាពអសកម្មរបស់ប្រធានាធិបតីនៅពេលដែលថ្ងៃកំណត់ពាក់កណ្ដាលអធ្រាត្រឈានចូលមកដល់។ អ្នកខ្លះសម្ដែងការខឹងសម្បារដែលលោកបៃដិនបានអំពាវនាវឱ្យសភាផ្ដល់ដំណោះស្រាយនាទីចុងក្រោយដើម្បីការពារអ្នកជួល។
បើយោងតាមការសិក្សារបស់វិទ្យាស្ថាន Aspen និងគម្រោងការពារការបណ្ដេញចេញកូវីដ១៩ ប្រជាជនអាមេរិកជាង ១៥ លាននាក់នៅក្នុងគ្រួសារចំនួន ៦.៥ លាន បច្ចុប្បន្នកំពុងមានការខកខានការបង់ឈ្នួលផ្ទះ ដោយជារួមជំពាក់ប្រាក់ឈ្នួលម្ចាស់ផ្ទះជាង ២០ ពាន់លានដុល្លារ។
ក្រុមម្ចាស់ផ្ទះបានជំទាស់នឹងការផ្អាកនេះ ហើយម្ចាស់ផ្ទះមួយចំនួនបានមានការខកខានបង់ប្រាក់កម្ចីទិញផ្ទះ បង់ពន្ធ និងបង់ធានារ៉ាប់រងលើអចលនទ្រព្យ ដោយសារមិនមានប្រាក់ចំណូលគ្រប់គ្រាន់ពីផ្ទះជួលពួកគេ៕