ឯកឧត្តម ត្រាំ អ៊ីវតឹក បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ គ្រឿងបរិក្ខាប្រើប្រាស់ និងថវិកា មកឧបត្ថម្ភដល់កងទ័ព ដែលស្ថិតនៅលើខ្សែត្រៀមជួរមុខ ក្នុងខេត្តឧត្តរមានជ័យ !
ខេត្តឧត្តរមានជ័យ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អ៊ីវតឹក បានដឹកនាំគណៈប្រតិភូ ក្រោមការចូលរួមពី អគ្គនាយកក្រុមហ៊ុន សុភក្តិនីការ អ៊ីនវេសមេនគ្រុប លោកឧកញ៉ា ម៉ក់ គឹមហុង ដែលជាដៃគូរសម្ព័ន្ធមេត្រីភាពដ៏សំខាន់មួយ សម្រាប់ការជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនប្រទេសថៃ។

នៅថ្ងៃទី១៧កុម្ភៈម្សិលមិញ គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងដៃគូសម្ព័ន្ធមេត្រីភាព បានធ្វើដំណើរឆ្ពោះទៅកាន់ អង្គភាពពកងពលតូចថ្មើរជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ដែលមានមូលដ្ឋាននៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិ សាស្រ្ត ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីនាំយកអំណោយទៅផ្តល់ជូនកងទ័ព ដែលកំពុងឈរជើងនៅទីនោះ។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែន នៃគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងដៃគូសម្ព័ន្ធមេត្រីភាពនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម រួមនឹងយុទ្ធជន និងយុទ្ធនារីជាច្រើនរយនាក់។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានចាត់ទុកសកម្មភាពរបស់គណៈប្រតិភូក្រសួងប្រៃសនីយ៍ គឺជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះភាពសុខទុក្ខរបស់កងទ័ពនៅសមរភូមិមុខ។

រីឯ ស្ថានភាពព្រំដែននោះវិញ ភាគីយោធាកម្ពុជា និងយោធាថៃ មានការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការរួមគ្នា បានយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ បានប្រកាសជំហរគាំទ្រដាច់ណាត់ ចំពោះគោលនយោបាយដឹកនាំ ទាំងក្នុង និងក្រៅប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ចំពោះអំណោយ ដែលបានផ្តល់ជូនកងទ័ពនៅក្នុងពេលនោះ រួមមាន៖ អង្ករចំនួន ៣តោន ត្រីខកំប៉ុង ៣ពាន់៥០០កំប៉ុង មី៤០០កេះ ឆៃប៉ូវផ្អែមស្ងួត ៧០០គីឡូក្រាម ប្រេងឆា ៥០០ដប ទឹកត្រី២៥០យួរ ទឹកស៊ីអ៊ីវ ២៥០យួរ ស្កសរ ១តោន អំបិល ៥០០គីឡូក្រាម ម៉ាស៊ីនភ្លើង១គ្រឿង គោយន្តកន្រ្តៃ២គ្រឿង ព្រមទាំងថវិកាផ្តល់ជូនយោធិន ៥៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៤ម៉ឺនរៀល។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែគិតគូដល់ភាពសុខទុក្ខរបស់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងនៅសមរភូមិមុខ និងនៅសមរភូមិក្រោយជានិច្ច។ លោកថា កងទ័ពបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ដោយបានលះបង់បូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

លោករដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចកងទ័ព គឺជាសកម្មភាពមួយប្រកបដោយគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស អង្គភាពកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនជួរមុខ បានឆ្លងកាត់គ្រប់រសជាតិ រងនឹងព្យុះភ្លៀង កំដៅថ្ងៃ រងនឹងភាពត្រជាក់ ស្ទើរគ្មានពេលលោះនោះឡើយ នេះសបញ្ជាក់ឲ្យឃើញថា កងទ័ព គឺជាសសរទ្រូង នៃខឿនការពារជាតិមួយដ៏រឹងមាំ ប្រទេសមួយដែលមានមេដឹកនាំខ្លាំង និងកងទ័ពខ្លាំង គឺជាប្រទេសដែលមានអធិបតេយ្យភាពទឹកដី មានសុខសន្តិភាព និងការអភិវឌ្ឍ ៕ ដោយ៖ឡុង សំបូរ







