លោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាទីភ្នាក់ងារ CIA តាមប្រមាញ់សម្លាប់កូនប្រុស អូសាម៉ា ប៊ីនឡាដិន
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NBC News បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាឱ្យទីភ្នាក់ងារចារកិច្ច CIA តាមប្រមាញ់ និង ផ្ដាច់ជីវិតកូនប្រុសពៅរបស់អតីតមេដឹកនាំក្រុមភេរវកម្មអាល់កៃដា ហាំហ្សា ប៊ីន ឡាដែន ខណៈសត្រូវធំបំផុតគឺជាមេដឹកនាំក្រុមអាល់កៃដា និងក្រុម ISIS ។

នៅពេលមន្ដ្រីចារកិច្ចអាម៉េរិកធ្វើសេចក្ដីរាយការណ៍ពីមេភេរវករពីរនាក់ រួមមានមេដឹកនាំក្រុមអាល់កៃដា និងក្រុម ISIS ដែលដាច់ខាតត្រូវកំចាត់នោះ លោកប្រធា នាធិបតី ដូណាល់ ត្រាំ ពុំមានការស្ទាក់ស្ទើក្នុងការបើកភ្លើងខៀវឱ្យធ្វើប្រតិបត្តិការឡើយ ។ ប៉ុន្ដែលោក ត្រាំ បែរជាងាកមកចាប់អារម្មណ៍លើ ហាំហ្សា ប៊ីនឡាដិន ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសអតីតសត្រូវរបស់សហរដ្ឋអាម៉េរិក អូសាម៉ា ប៊ីន ឡាដែន ដែលកំពុងស្ថិតនៅវ័យក្មេងខ្ចី និងពុំសូវមានឥទ្ធិពលទៅវិញ ។

សូមបញ្ជាក់ថា បើតាមការអះអាងរបស់មន្ដ្រីផ្នែកចារកិច្ចនោះ កូនប្រុសពៅរបស់ ប៊ីន ឡាដិន ត្រូវបានសហរដ្ឋអាម៉េរិកធ្វើការវាយប្រហារតាមដែនអាកាស និងសម្លាប់នៅឆ្នាំ២០១៨ ហើយហេតុផលនោះ គឺលោក ត្រាំ យល់ថា នេះគឺជាទំនួលខុសត្រូវដ៏មានទំងន់ធ្ងន់របស់ប្រធានាធិបតីអាម៉េរិក ក្រោយហេតុការណ៍៩/១១ ដែលសម្រេចថា សត្រូវរបស់សហរដ្ឋអាម៉េរិកត្រូវ «ស្លាប់» ៕


