ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៨ពាន់១៥៨ករណីជាប្រជាជនទូទៅ និង ៧៤៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៨ពាន់៥៩០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦២ម៉ឺន៣ពាន់៣២២ករណី ក្នុងនោះមានអ្នកជំងឺ៤១ម៉ឺន៤០៥នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៥ម៉ឺន២ពាន់១៨៥ករណី និងអ្នកជំងឺ៤៣ម៉ឺន៧ពាន់៨៣១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់២២១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៣១៥នាក់ ៕ ប្រភព៖ Bangkok Post

