អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វីរុសកូរ៉ូណាថ្មីមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សធ្ងន់ធ្ងរដូចជាជំងឺ SARS ឬ MERS នោះទេ
ស្វីស៖ វីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ អាចនឹងបង្កជាជំងឺស្រាលតែប៉ុណ្ណោះដល់អ្នកជំងឺ៨០ភាគរយ ដែលបានឆ្លងវាចូលទៅក្នុងខ្លួន នេះបើតាមការអះអាងរបស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ជាមួយអត្រាមរណៈ០២ភាគរយ វីរុស ខូវីដ-១៩ គឺបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សមិនខ្លាំងដូចជាជំងឺ សា (SARS) ឬជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា មឺស (MERS) នោះទេ បើទោះជាចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតដ៏កាចសាហាវនៅចិននេះ បានបន្តកើនឡើងលើសចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺ SARS ក៏ដោយ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែត ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានបញ្ជាក់ថា អ្នកជំងឺវីរុសកូរ៉ូណាថ្មីប្រមាណ១៤ភាគរយមានស្ថានភាពធ្ងន់ធ្ងរ ដូចជារលាកសួតជាដើម ខណៈករណីឆ្លងទៅកុមារ គឺមានអត្រាតិចតួចប៉ុណ្ណោះ លោកថា ក្រុមអ្នកស្រាវជ្រាវនៅតែបន្តការសិក្សាបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ៕



