ប្រធានមន្ទីរអប់រំខេត្តកណ្ដាល ណែនាំឲ្យប្រធានការិយាអប់រំក្រុង ស្រុក និងនាយកគ្រឹស្ថានបឋមសិក្សាជំរុញការលើកកម្ពស់វិស័យអប់រំកាយ និងកីឡា
ក្នុងឱកាសបិទការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្ដាល ប្រឆ្នាំសិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានណែនាំ ដល់ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក នាយក នាយិកា គ្រឹស្ថានបឋមសិក្សាទាំងអស់ ក្នុងខេត្ត ត្រូវយកទុកដាក់ជម្រុញនិងលើកកម្ពស់វិស័យអប់រំកាយ និង កីឡា ឲ្យបានខ្លាំងក្លាថែមទៀតនៅតាមគ្រឹស្ថានដែលខ្លួនគ្រប់គ្រង ។

ជាមួយនេះត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹស្ថានសិក្សាដើម្បីឲ្យ សិស្សានិសិស្សតទួលបាននូវការវិវត្តន៍រាងកាយ បញ្ញាស្មារតី ក៏ដូចជាតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា២ម៉ោងក្នុង១សប្ដាហ៍ឲ្យបានខ្ជាប់ខ្ជួន។ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា ឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់សាលា បើទីលានមានស្រាប់ ត្រូវថែរក្សា ជួសជុល កែលម្អ ។ត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស កីឡាករ ឲ្យចេះស្រឡាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ដ្រកំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា១ប្រភេទ យ៉ាងតិចប្រចាំជីវិត។
លោក ចេង សំអ៊ុល បានបញ្ជាក់ថា ការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាជើងឯកថ្នាក់ខេត្ត នាពេលនេះគឺដើម្បីវាស់ស្ទង់កម្រឹត បច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែលឆ្នើមមានទេពកោសល្យល្អ មកប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានផ្ដាំផ្ញើដល់ក្រុម ដែលមិនបានទទួលជ័យជំនះក្នុងការប្រកួតនេះពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ដ ដើម្បីចូលរួមប្រកួតដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ។ ឯ ក្រុមដែលទទួលជ័យជំនះនាពេលនេះ ត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួន គឺត្រូវតំណាងឲ្យសិស្ស ទូទាំងខេត្តកណ្ដាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា ២០១៩-២០២០ ថ្នែកសិស្សបឋមសិក្សា នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ ដូច្នេះក្មួយៗត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើយកជ័យជំនះមកជូនខេត្តរបស់យើង។

គួរបញ្ជាក់ថា ការប្រកួតនេះ មានរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១១ ដែលថ្ងៃទី១៧ខែកុម្ភៈ ប្រកួតលើ៤ប្រភេទកីឡាមានបាល់បោះ បាល់ទាត់ បាល់ទះ និងអត្តពលកម្ម មានកីឡាករកីឡាការិនីចូលរួមសរុប ៣៩៨នាក់ មានស្រី ១៦២នាក់ មកពីក្រុង-ស្រុកចំនួន៩ ក្នុងចំណោម១០ស្រុក ។ ស្រុក១ដែលមិនបានចូលរួមគឺដោយសារ ខ្វះកីឡាករ មិនបានគ្រប់ទៅតាមប្រភេទកីឡាដែល ខេត្តបានកំណត់ជូន ៕





