សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូនអធិការអប់រំគរុសិស្ស-និស្សិត១ពាន់៩៧៧នាក់ នៃវិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១ពាន់៩៧៧នាក់ នារី ៨១៥នាក់។

ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់។

ការចែកសញ្ញាបត្រនៅថ្ងៃនេះជាការប្រគល់សញ្ញាបត្រលើកទី២២ហើយ។ រាល់ការចែកសញ្ញាបត្រនេះ តែងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីពីសម្តេចតេជោ ហ៊ុន សែន។ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបានប្រមាណ ២២,៣៦២នាក់ នារី ៦,៨៦៦នាក់។

វិទ្យាស្ថានជាតិអប់រំ គឺជាកន្លែងបណ្តុះបណ្តាលមន្ត្រីអប់រំ និងគ្រូ ដ៏សំខាន់មួយសម្រាប់កម្ពុជា។ គរុសិស្ស និស្សិត មន្ត្រីអប់រំ ដែលបញ្ចប់ការសិក្សា បានក្លាយជាធនធានដ៏ចាំបាច់ សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។ បច្ចុប្បន្នកម្ពុជាមានបុគ្គលិកអប់រំសរុប ១សែន២ម៉ឺន១ពាន់៦៨០នាក់ នារី ៥៦,១៦៣នាក់។ ក្នុងនោះមន្ត្រីជាអ្នកបង្រៀនមានចំនួន ៩៣,៧០៣នាក់ ស្រី ៤៨,៨១០នាក់។

សម្តេចតេជោបានថ្លែងទៅកាន់ប្អូនៗនិស្សិថា ថ្ងៃនេះសម្តេចពិតជារីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រវិញ្ញាបនបត្រសម្រាប់និស្សិតរបស់យើងចំនួន 1977 នាក់នេះគឺជាលើកទី 22 ចាប់តាំងពីឆ្នាំ1996 ។

សម្ដេចថាកន្លែងនេះនៅតែ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស ។ នៅទីនេះវិស័យអប់រំនៅតែជាវិស័យអទិភាពជាស្នូលនៃអាទិភាពទាំង 4 ដែល 2 អាណត្តិរួចមកហើយសម្ដេចបានដាក់វិស័យធនធានមនុស្សជាអាទិភាពទី 1 ក្នុងចំណងមិត្តភាពទីបួនហើយបានដាក់ចេញតាំងពីឆ្នាំ 1987 មកម្ល៉េះមុនការចរចាសីហនុហ៊ុនសែនកាលពីខែសីហាឆ្នាំ 1987 សម្ដេចថាការបណ្ដុះបណ្ដាលគ្រូនៅតែជាអាទិភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជាអាទិភាពទី 1 ក្នុងចំណោមអាទិភាពទាំង 4 ដែលសម្ដេចបានដាក់ចេញជាង 30 ឆ្នាំរួចមកហើយ។

យើងនៅតែបន្តខិតខំបន្ថែមទៀតដើម្បីវិនិយោគលើវិស័យអប់រំនិងជាពិសេសវិនិយោគបង្កើនជីវភាពសម្រាប់គ្រូបង្រៀននិងការស្នាក់នៅការធ្វើដំណើររបស់គ្រូបង្រៀនរបស់យើង។ ហើយយើងក៏ត្រូវប្រឹងប្រែងនឹងខិតខំច្រើនថែមទៀតដើម្បីដោះស្រាយបញ្ហានិងបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ក្នុងដំណាក់កាលនៃការរីកចម្រើន ការប្រកួតប្រជែង សេដ្ឋកិច្ចទីផ្សារសេរី។

នៅក្នុងឱកាសនោះដែរថ្លែងទាក់ទងទៅនឹងនាវាវេស្ទើរដាំ ដែលចូលចតនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចថានេះគឺជាវិបត្តិមនុស្សធម៌នៅលើកនាវាwesterdam ក្រោយពីមានប្រទេសមួយចំនួនមិនឲ្យនាវានេះចូលចត។ សម្ដេចបានបញ្ជាក់ថាការងារនេះយើងត្រូវតែធ្វើឲ្យចប់ចុងចប់ដើមដើម្បីធានាថានាវានេះចាកចេញពីកម្ពុជាដោយសុវត្ថិភាព។

សម្តេចតេជោបន្តថា ការសម្រេចឱ្យនាវាចូលចត មានប្រជាពលរដ្ឋ ប្រទេសជាមិត្ត និងអង្គការអន្តរជាតិជាច្រើនបានគាំទ្រ។ តែក៏មានអ្នកមិនគាំទ្រដែរ ឆ្លើយតបអ្នកមិនគាំទ្រចំពោះការឱ្យនាវានេះចូលចត សម្តេច បានចោទសួរថា តើមានពលរដ្ឋខ្មែរណាម្នាក់កើតជំងឺនេះហើយឬនៅ? មានអ្នកទេសចរណាម្នាក់មានជំងឺនេះហើយឬនៅ?ហើយសម្តេចតេជោ ក៏បានចោទជាសំណួរចំពោះការរកឃើញស្រ្តីជនជាតិអាមេរិក រកឃើញមេរោគនៅម៉ាឡេស៊ីថា ជារឿងប្រាកដប្រជាហើយឬនៅ? ខណៈភ្ញៀវទេសចរ និងស្វាមីរបស់ស្ត្រីនេះនៅដេកស៊ីជាមួយគ្នា មិនមានកើតមេរោគនេះឡើយ។
សម្តេចតេជោ ចង់ឃើញមានការធ្វើការរវាងអង្គការសុខភាពពិភពលោក ម្ចាស់នាវា និងក្រសួងសុខាភិបាល សហការជាមួយម៉ាឡេស៊ី ធ្វើការលើរឿងករណីស្រ្តីជនជាតិម៉ាឡេស៊ី វ័យ៨៣ឆ្នាំនេះ។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជាមានទំនួលខុសត្រូវខ្ពស់លើអ្នកទេសចរលើនាវា Westerdam ពោលអ្នកទេសចរទាំងនេះ បានពិនិត្យសុខភាពយ៉ាងល្អិតល្អន់ មុននឹងឲ្យពួកគេចាកចេញ។

សម្តេចថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនសុខៗទៅទទួលជំងឺនោះទេ។ តែសម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនៅតែរក្សាស្មារតី និងជំហរដើមរបស់សម្តេចថា ទោះបីលើនាវានោះមានអ្នកជំងឺ ក៏ត្រូវឱ្យចូលដែរ ហើយចូលលឿនបំផុត គឺដើម្បីបើកការព្យាបាលឱ្យបានលឿនបំផុត ដោយមិនត្រូវទុកឲ្យពួកគេស្លាប់នៅលើនាវានោះទេ។ ហើយថា ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតជាការបំពេញនូវកិច្ចការមនុស្សធម៌ ក្នុងនាមជាសមាជិកក្នុងអង្គការអន្តរជាតិនានាដែរ។

សម្តេចថា ជំងឺបង្កដោយមេរោគ COVID19 កំពុងវាយប្រហារខ្លាំងទៅលើសេដ្ឋកិច្ច។ ប្រទេសកម្ពុជា ក៏ជួបបញ្ហាសេដ្ឋកិច្ចដោយសារជំងឺនេះផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា រោងចក្រមួយចំនួននៅកម្ពុជា អាចបិទ តែមិនមែនបិទដោយសារ EBA គឺបិទដោយសារមិនមានវត្ថុធាតុដើមនាំពីប្រទេសចិន សម្រាប់ផលិត។
តែទោះជាយ៉ាងណា សម្តេចបានថ្លែងថា នឹងមិននិយាយអ្វីទាំងអស់លើបញ្ហា EBA។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលរាល់ការសម្រេចរបស់អឺរ៉ុប តែក៏ត្រូវតែទទួលនូវអ្វីដែលកម្ពុជាសម្រេចផងដែរ៕



