ទីក្រុងវូហានរបស់ចិនគ្រោងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់ ដើម្បីរកជំងឺកូវីដ-១៩ ស្របពេលវីរុសនេះត្រឡប់មកវិញ (មានវីដេអូ)
ចិន៖ អាជ្ញាធរនៅទីក្រុងវូហាននិយាយថា ពួកគេនឹងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់របស់ខ្លួន ដើម្បីរកជំងឺកូវីដ១៩ បន្ទាប់ពីទីក្រុងរបស់ខេត្តហ៊ូប៉ីមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។
មន្រ្តីជាន់ខ្ពស់មួយរូបនៅទីក្រុងវូហាន លោក លី តាវ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរកជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយធំទៅលើប្រជាជនទាំងអស់ ។ ការប្រកាសខាងលើនេះរបស់អាជ្ញាធរចិន ធ្វើឡើងបន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងស្រុកចំនួន៧ករណី នៅក្នុងចំណោមពលករចំណាកស្រុកនៅទីក្រុងវូហាន បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍ពេញមួយឆ្នាំ ក្រោយទទួលជោគជ័យក្នុងបង្ក្រាបការផ្ទុះឡើងលើកដំបូង ជាមួយនឹងការបិទខ្ទប់មិនធ្លាប់មានពីមុនមក នៅដើមឆ្នាំ ២០២០ ។
គួរកត់សម្គាល់ នៅថ្ងៃអង្គារនេះ ប្រទេសចិនក៏បានរាយការណ៍ពីករណីក្នុងសហគមន៍ចំនួន៦១ករណីផងដែរ ខណៈការផ្ទុះឡើងនៃវីរុសបម្លែងថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានទៅដល់ទីក្រុងជាច្រើន បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអ្នកអនាម័យនៅអាកាសយានដ្ឋានក្នុងទីក្រុងណាជីង បានបង្កអោយមានករណីឆ្លងជាច្រើននៅទូទាំងប្រទេស ៕ ប្រភព៖ Bangkok Post

