ប្រធានាធិបតី និងសភាសហរដ្ឋអាមេរិក នៅលើផ្លូវស្របគ្នាក្នុងការពង្រឹងគោលនយោបាយលើបច្ចេកវិទ្យាចិន

សហរដ្ឋអាមេរិក និង​ចិន​នៅ​ពេល​នេះ​ គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ស្វិតស្វាញ​មួយ​ សឹង​តែ​គ្រប់​ផ្នែក​ទាំង​អស់​ ដែល​រាប់​បញ្ចូល​ទាំង​ពី​ផ្នែក​នយោបាយ ផ្នែក​សន្តិសុខ​ និង​ផ្នែក​សេដ្ឋកិច្ច​ជា​ដើម។ ក្នុង​នោះ​ដែរ វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ក៏​គេច​មិន​ផុត​ពី​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកវិទ្យា​នេះ​ដែរ រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ចូ បៃដិន នៅ​ពេល​នេះ​ កំពុង​តែ​រៀបចំ​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​លើ​ការ​ឆ្លើយតប និង​រៀប​ចំ​ពង្រឹង​គោលនយោបាយ​លើ​បច្ចេកវិទ្យា​ចិន។ ក្រៅ​ពី​រដ្ឋាភិបាល​អាមេរិក ​សភា​អាមេរិក​កន្លង​មក​ក៏​បាន​តាក់តែង​ចេញ​ជា​ឯកសារ​ផ្លូវ​ច្បាប់ ក្នុង​គោលបំណង​មួយ​ស្រដៀង​គ្នា​នឹង​រដ្ឋាភិបាល​លោក​បៃដិន​ផង​ដែរ។

ក្នុង​ការ​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​របស់​រដ្ឋាភិបាល នៅ​ ៦ខែ​ដំបូង​នេះ គេ​សង្កេត​ឃើញ​ថា​លោក​បៃដិន បាន​តែងតាំង​អ្នក​ជំនាញ ដែល​មាន​បទ​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ និង​ផ្នែក​សន្តិសុខ​ជាតិ ឱ្យ​ចូល​កាន់កាប់​តំណែង​សំខាន់ៗ​ក្នុង​ការ​តាក់តែង​គោលនយោបាយ​បច្ចេកវិទ្យា​អាមេរិក។

កាល​ពី​ខែ​មីនា​កន្លង​ទៅ លោក​បៃដិន បាន​តែងតាំង​លោក Jason Matheny ដើម្បី​ឱ្យ​កាន់​តំណែង​ជា​អ្នក​សម្របសម្រួល​ផ្នែក​បច្ចេកវិទ្យា និង​សន្តិសុខ​ជាតិ ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​សេតវិមាន​។ តំណែង​នេះ​ជា​តំណែង​ថ្មី ​ទើប​តែ​បង្កើត​នៅ​ក្នុង​ជំនាន់​លោក​បៃដិន​ ហើយ​មាន​តួនាទី​ក្នុង​ការ​ផ្ដល់​យោបល់ ក៏​ដូច​ជា​សម្របសម្រួល​ការងារ​របស់​ការិយាល័យ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​សន្តិសុខ​ជាតិ​នៅ​ក្នុង​សេតវិមាន។ លោក​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​ការ​ស្រាវជ្រាវ​លើ​ការ​ទប់ស្កាត់​ចារកម្ម ហើយ​ក៏​ធ្លាប់​បំពេញ​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និង​ស្ថាប័ន​អន្តរជាតិ​នានា​ដូច​ជា ធនាគារ​ពិភពលោក​ជា​ដើម។

២ ខែ​ក្រោយ​មក​ នៅ​ខែ​ឧសភា លោក Eric Lander ត្រូវ​បាន​សភា​យល់​ព្រម​ឱ្យ​តែងតាំង​ជា​នាយក​ការិយាល័យ​គោលនយោបាយ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ការិយាល័យ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​សេតវិមាន​។ លោក​ Lander មាន​បទ​ពិសោធន៍​តាក់តែង​គោលនយោបាយ​ កាល​ពី​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ដោយ​នៅ​កាល​នោះ​ លោក​បាន​ធ្វើ​ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​ផ្ដល់​យោបល់​ឱ្យ​ប្រធានាធិបតី លើ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។

លុះ​នៅ​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​បៃដិន​ បាន​ជ្រើសតាំង អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Alan Estevez កាន់​តំណែង​ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ឧស្សាហកម្ម និង​សន្តិសុខ នៃ​ក្រសួង​ពាណិជ្ជកម្ម​។ តំណែង​នេះ​ជា​តំណែង​ជួរ​មុខ​មួយ​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​អាមេរិក​។ តំណែង​របស់​លោក Estevez ត្រូវ​បាន​អ្នក​តាមដាន​យល់​ថា ជា​តំណែង​ស្នូល​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​បច្ចេកវិទ្យា​រវាង​អាមេរិក​ និង​ចិន។

ប្រសិន​បើ​លោក Estevez ទទួល​បាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក លោក​នឹង​ដឹកនាំ​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ ដែល​មាន​មាន​បុគ្គលិក ៤៥០នាក់ ចាត់ចែង​លើ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន ឬ បុគ្គល​ណា​មួយ ដែល​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​អាមេរិក។

បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​បៃដិន​ ក៏​បាន​ជ្រើសតាំង​រដ្ឋអាជ្ញា​អាមេរិក​លោក Thea Kendlerចំពោះ​តំណែង​អនុ​រដ្ឋលេខាធិការ​ទទួល​បន្ទុក​រដ្ឋបាល​នៃ​ការ​នាំ​ចេញ នៃ​ក្រសួង​ពាណិជ្ជកម្ម។ លោក​នៅ​ពេល​នេះ​កំពុង​តែ​ដើរ​តួ​ជា​អយ្យការ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​របស់​លោកស្រី Meng Wanzhou នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ដែល​កំពុង​ជាប់​ឃុំ​នៅ​ផ្ទះ​ក្នុង​ប្រទេស​កាណាដា។

កាល​ពី​ជំនាន់​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ តំណែង​ខាង​លើ​នេះ​មិន​ត្រូវ​បាន​តែងតាំង​នោះ​ទេ ហើយ​ត្រូវ​បាន​កាន់​ដោយ​មន្ត្រី​ស្ដី​ទី​។ ក្នុង​រដ្ឋបាល​លោក​ត្រាំ​ អាមេរិក​ចាប់​ផ្ដើម​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដូច​ជា​ការ​ហាម​មិន​ឱ្យ​បណ្ដាញ​សង្គម​ Tik Tok ធ្វើ​ប្រតិបត្តិការ​នៅ​អាមេរិក​ជា​ដើម។

យ៉ាងណាមិញ កាល​ពី​ជំនាន់​លោក​ត្រាំ រាល់​បម្រាម​ទាំង​អស់​គឺ​ធ្វើ​ឡើង​ ក្រោម​ការ​ភ្ជាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ ជាមួយ​នឹង​យោធា​របស់​ចិន ហើយ​បញ្ជី​ហាមប្រាម​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ឡើង​ ដោយ​ក្រសួង​ការពារ​ជាតិ។ នៅ​ពេល​លោក​បៃដិន ឡើង​កាន់​តំណែង​ លោក​នៅ​តែ​បន្ត​ដាក់​គំនាប​លើ​ក្រុមហ៊ុន​ចិន​ដដែល ដោយ​ជាក់ស្ដែង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ រដ្ឋបាល​លោក​បាន​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន ៥៩ ចូល​បញ្ជី​មិន​ឱ្យ​ធ្វើ​ជំនួញ​ជាមួយ​អាមេរិក ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ទាំង​នោះ​ជួយ​ដល់​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋធានី​ប៉េកាំង។

ខុស​ពី​លោក​ត្រាំ​ លោក​ប្រធានាធិបតី​បៃដិន​ បាន​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ដាក់​បម្រាម​ពី​ក្រសួង​ការពារ​ជាតិ ទៅ​កាន់​ក្រសួង​រតនាគារ​ជាតិ​វិញ ហើយ​ព្រម​ទាំង​កែ​តម្រូវ​ថា ក្រុមហ៊ុន​ទាំង​នោះ​មាន​ពាក់ព័ន្ធ​យោធា​ចិន មក​ថា ក្រុមហ៊ុន​ទាំង​អស់​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន។

ងាក​មក​មើល​សកម្មភាព​របស់​សភា​អាមេរិក​វិញ នៅ​រយៈពេល ៦ខែ​ដំបូង​នេះ បាន​អនុម័ត​ច្បាប់ និង​តាក់តែង​ច្បាប់​មួយ​ចំនួន​ដែរ ដើម្បី​បញ្ចេញ​ថវិកា​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​អាមេរិក និង​មន្ទីរ​ពិសោធន៍​នានា​ក្នុង​ស្រុក។

ច្បាប់​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ជាង​គេ​នោះ​គឺ ច្បាប់​នវានុវត្តន៍ និង​ការ​ប្រកួតប្រជែង​អាមេរិក ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​ កាល​ពី​ខែ​មិថុនា ដោយ​ច្បាប់​នេះ​នឹង​បញ្ចេញ​ទឹកប្រាក់​ចំនួន ២៤៤ពាន់​លាន​ដុល្លារ ដើម្បី​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ហើយ​ព្រម​ទាំង​ជួយ​ទំនុក​បម្រុង​ដល់​ការ​ផលិត​បន្ទះ​ឈីប​នៅ​ក្នុង​ស្រុក​អាមេរិក​ទៀត​ផង។

នៅ​ក្នុង​ខែ​កក្កដា គណៈកម្មាធិការ​ការបរទេស​នៃ​សភា​តំណាង​រាស្ត្រ​​អាមេរិក​បាន​យល់​ព្រម​លើ​ច្បាប់​ស្ដីពី​ការ​ធានា​ឱ្យ​បាន​នូវ​ភាព​ជា​មេដឹកនាំ​ និង​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា ច្បាប់​ឥន្ទ្រីយ៍។ ក្នុង​សេចក្ដីព្រាង​ច្បាប់​នេះ គ្រាន់​តែ​ពាក្យ​ថា «ចិន» ត្រូវ​បាន​លើក​ឡើង​ច្រើន​ជាង ១ពាន់​ដង​ឯណោះ ហើយ​ខ្លឹមសារ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង ការ​ឆ្លើយតប​នឹង​សកម្មភាព​ចិន​ទាក់ទង​នឹង​ការ​កេងប្រវ័ញ្ច​ទីផ្សារ​ពិភពលោក ក៏​ដូច​ជា​ការ​គំរាមកំហែង​របស់​ចិន​ទៅ​លើ​ប្រទេស​នានា​តាម​រយៈ​សកម្មភាព​សេដ្ឋកិច្ច និង​សកម្មភាព​យោធា។

លោក Derek Scissors អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​លើកឡើង​ថា «ខណៈ​នៅ​ជាប់​ដោះស្រាយ​វិបត្តិ​កូវីដ-១៩ យើង​មិន​ទាន់​ឃើញ​ថា មនុស្ស​របស់​លោក​បៃដិន​ បាន​បង្កើត​គោលនយោបាយ​ណា​មួយ​ពិត​ប្រាកដ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា «នៅ​រដូវ​ស្លឹកឈើ​ជ្រុះ (អំឡុង​ខែ​កញ្ញា ដល់​ខែ​ធ្នូ) ពួក​គេ​នឹង​ផលិត​គោលនយោបាយ​ដើម្បី​ត​ទល់​នឹង​ចិន។ នៅ​ពេល​នោះ​ហើយ យើង​នឹង​ឃើញ​ថា ពួក​គេ​នឹង​ធ្វើការ​ដោយ​របៀប​ណា ហើយ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ល្អ​ឬ​អត់»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner