ហេតុអ្វីបានជា កម្មវិធីចាក់វ៉ាក់សាំងលើសកលមិនទាន់មានប្រសិទ្ធិភាពល្អ?
បន្ទាប់ពីការតស៊ូអស់ជាច្រើនខែមក យន្តការចាក់វ៉ាក់សាំង Covax ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ (UN) នៅតែប្រឈមនឹងវិបត្តិស៊ីជម្រៅមួយគឺ ការលំបាកក្នុងគ្រប់គ្រងវ៉ាក់សាំង និងចែកចាយដោយប្រសិទ្ធិភាព ខណៈពេល មានការរីករាលដាលវ៉ារ្យ៉ង់ឌែលតាទូទាំងសកលលោក។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។

ការចែកចាយវ៉ាក់សាំងមិនទាន់ពេលវេលា ដែលបណ្ដាលឱ្យវ៉ាក់សាំងផុតកាលបរិច្ឆេទ គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរបំផុត ប៉ុន្តែភាគច្រើនត្រូវគេបានមើលរំលង។ ជាក់ស្ដែង ការដឹកជញ្ចូនវ៉ាក់សាំងយឺតយ៉ាវនៅទ្វិបអាហ្វ្រិកកាលពីខែ មិថុនា កន្លងទៅ ក្នុងរយៈពេល ៥ សប្ដាហ៍ក្រោយមក រដ្ឋាភិបាលប្រទេសនេះ បានរាយការណ៍ថា វ៉ាក់សាំងចំនួន ៩៤.០០០ ដូសនៅមិនត្រូវបានប្រើនៅឡើយ។ ដោយឡែក នៅក្បែរទីក្រុងបេនីន វ៉ាកសាំង ២៦៧ ដូសប៉ុណ្ណោះ ត្រូវបានចែកចាយក្នុងមួយថ្ងៃ ពោលគឺមានល្បឿនយឺត។ ដូច្នេះ វ៉ាក់សាំង AstraZeneca ចំនួន ១១០,០០០ ដូស ដែលបានមកពីកម្មវិធី ក៏ត្រូវបានផុតកំណត់។
កម្មវិធី Covax ត្រូវបានគេស្គាល់ថាជា សម្ព័ន្ធប្រទេសមហាអំណាចពិភពលោក ដែលនឹងធានាការផ្គត់ផ្គង់វ៉ាក់សាំង ដល់ប្រទេសក្រីក្រឱ្យបានរហ័សដូចប្រទេសអ្នកមាន។ ផ្ទុយទៅវិញ កម្មវិធី Covax បានចែកចាយវ៉ាក់សាំងតិចជាងអ្វី ដែលខ្លួនសន្យាដល់ទៅកន្លះពាន់លានដូសវ៉ាក់សាំង បណ្តាលឱ្យប្រទេសក្រីក្រ ត្រូវទទួលរងហានិភ័យ និងប្រឈមនឹងគ្រោះថ្នាក់ពីការរីករាលដាលនេះវ៉ារ៉្យង់ឌែលតា។
វេជ្ជបណ្ឌិត Ayoade Alakija សហប្រធាននៃកម្មវិធីផ្តល់វ៉ាក់សាំងរបស់សហភាពអាហ្វ្រិក បានមានប្រសាសន៍ថា៖ «កម្មវិធី Covax មិនបានបរាជ័យទាំងស្រុងទេ ប៉ុន្តែវាបរាជ័យជាបណ្ដើៗ។ យើងពិតជា គ្មានជម្រើសផ្សេងទេ។ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ កម្មវិធី Covax គួរដំណើរការឱ្យល្អជាងនេះ»។
តម្រូវការបន្ទាន់របស់ពិភពលោក គឺការពារប្រជាជននៅក្នុងប្រទេសក្រីក្រ ពីព្រោះបើបណ្ដោយឱ្យវីរ៉ុសនេះនៅឆ្លងកាន់តែយូរ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សសូម្បីតែប្រទេស ដែលមានវ៉ាក់សាំងការពារក៏ដោយ។ អ្នកជំនាញ ព្រមានថា បើគ្មាន ការចាក់វ៉ាក់សាំងពាន់លានទៀតទេ វ៉ារ្យ៉ង់ថ្មីអាចបន្តកើតមានឡើង ហើយនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិទាំងអស់លើពិភពលោក។
វេជ្ជបណ្ឌិត Seth Berkley នាយកប្រតិបត្តិនៃក្រុមហ៊ុន Gavi ជាក្រុមហ៊ុនមិនរកប្រាក់ចំណេញនៅនៃកម្មវិធី Covax បាននិយាយថា ការផ្តល់ហិរញ្ញប្បទានដើមឆ្នាំមិនគ្រប់គ្រាន់ បានធ្វើឱ្យកង្វះការផ្គត់ផ្គង់ ដែលជៀសមិនរួច។ នៅពេលមានបញ្ហាដូចនៅប្រទេសឆាដ និងទីក្រុងបេនីន កម្មវិធី Covax ព្យាយាមបង្វែរ វ៉ាក់សាំងទាំងនោះទៅប្រទេសផ្សេងទៀត ហើយសហការជាមួយប្រទេសទាំងនោះ ដើម្បីព្យាយាមបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំង»។
អ្នកគាំទ្រ និងអ្នករិះគន់នានា យល់ស្របថា កម្មវិធីនេះ ត្រូវតែកែប្រែឱ្យប្រសើរឡើងជាងនេះ។ គិតត្រឹមដើមខែ កក្កដា ឯកសារសម្ងាត់ចេញពីកម្មវិធិ Covax បានបង្ហាញថា ប្រទេសចំនួន ២២ ដែលមានករណី ស្លាប់កើនឡើងខ្លាំងនោះ សុទ្ធសឹងតែជាប្រទេស ដែលទទួលវ៉ាក់សាំងស្ទើរតែទាំងស្រុងចេញពីកម្មវិធីនេះ។
អ្វីដែលសំខាន់ជាងនេះ គឺថា ប្រទេសអ្នកមាន បានក្លាយជាគូប្រជែងក្នុងការប្រកួត ទិញវ៉ាក់សាំង ដោយទិញក្នុងតម្លៃថ្លៃ និងចំនួនច្រើន ដើម្បីធានាថាប្រទេសខ្លួនមានវ៉ាក់សាំងគ្រប់ក្នុងការចែកចាយឱ្យប្រជាជនក្នុងស្រុក ខណៈប្រទេស ដែលត្រូវដំណើរការហិរញ្ញវត្ថុយឺតៗ ត្រូវរងចាំកម្មវិធី Covax ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
ដំបូងឡើយ កម្មវិធី Covax មានគម្រោងលើការចែកចាយដ៏ធំពីវិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ឥណ្ឌា។ ប៉ុន្តែ បន្ទាប់ពីមេរោគនេះបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាកាលពីខែ មីនា កន្លងទៅ រដ្ឋាភិបាលឥណ្ឌា បានបញ្ឈប់ការនាំចេញវ៉ាក់សាំង។ ប្រទេសក្រីក្រជាច្រើន ត្រូវភ័យព្រួយ ដូច្នេះពួកគេត្រូវរំពឹងលើកម្មវិធី Covax ក្នុងការទទួលបានវ៉ាក់សាំង។
ជាមួយ នឹងការរំពឹងទុកថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១,៧ ពាន់លានដូស នៅខែ ធ្នូ មន្រ្តីកម្មវិធី Covax ព្រួយបារម្ភថា ប្រទេសខ្លះនឹងត្រូវប្រឈមនឹងបញ្ហាទទួលបានវ៉ាក់សាំងភ្លាមៗ ដោយសារការដឹកជញ្ជូនយូរ និងការដឹកជញ្ជូនមិនច្បាស់លាស់ ខណៈប្រទេសខ្លះពន្យារពេលការរៀបចំធំៗមួយចំនួន។
លោកស្រី Lily Caprani ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការយូនីសេហ្វ (UNICEF) មានប្រសាសន៍ថា៖ «វាមានភាពងាយស្រួលជាងនៅពេល ដែលកម្មវិធីនៃបង្កើនទំហំវ៉ាក់សាំង និងផ្គត់ផ្គង់ឱ្យថេរ និងអាចកំណត់ពេលវេលាព្យាករណ៍បាន»។
លោក Andrea Taylor អ្នកស្រាវជ្រាវ ដែលសិក្សាការចាក់វ៉ាក់សាំងសកល ក៏បាននិយាយដែរថា៖ «កម្មវិធី Covax ប្រៀបបាននឹងការងារក្រុម ដែលគ្មានអ្នកដឹកនាំត្រឹមត្រូវ។ អ្វីៗគ្រប់យ៉ាង ដែលពួកគេធ្វើ គឺយឺតជាងការរំពឹងទុក»។