សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេស ផ្ដល់ដល់កម្ពុជា នៅល្ងាចថ្ងៃទី៤ សីហា ស្អែកនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសអង់គ្លេស និងជាជំនួយទ្វេភាគី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ ។ ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ។ គួររំលឹកថា បើតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ៤១៥.០០០ដូស ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២ សីហាឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៧លាន ៤សែន ៩ម៉ឺន ៨ពាន់ ១២៩នាក់ ដែលស្មើនឹង៧៤,១៨% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១២លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងដុសទី២រួច មានចំនួន ៤លាន៩សែន២ម៉ឺន៧ពាន់៨៧៦នាក់។

ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២ថ្ងៃចាក់បាន៧ម៉ឺន៩ពាន់៦៧៦នាក់ ស្មើនឹង៤,០៥នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស ១លាន៣សែន២ម៉ឺន៧ពាន់១២១នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន ៧៧ម៉ឺន៣ពាន់៤៦២នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner