រោគសញ្ញាហាវ៉ាណាធ្វើអោយអ្នកការទូតអាមេរិកមានការស្ទាក់ស្ទើរចំពោះការបំពេញភារកិច្ចនៅបរទេស
បុគ្គលិក និងអ្នកការទូតអាមេរិកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចំពោះការបម្រើភារកិច្ចរបស់ពួកគេនៅប្រទេសក្រៅ។
ការព្រួយបារម្ភរបស់អ្នកការទូតទាក់ទងនឹងរោគសញ្ញាហាវ៉ាណាដែលបានប៉ះពាល់អ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេនៅកំឡុងពេលបំពេញបេសសកម្មនៅប្រទេសក្រៅ។ ការព្រួយបារម្ភរបស់អ្នកការទូតគឺបណ្តាលមកពីកង្វះព័ត៌មានពីថ្នាក់ដឹកនាំទាក់ទងនឹងរោគសញ្ញាហាវ៉ាណា (Havana Syndrome)។

តាមការរាយការណ៍របស់សារព័ត៌មាន CNN ប្រភពបាននិយាយថា ការភ័យខ្លាចពីជំងឺអាថ៌កំបាំងនេះកំពុងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកការទូតដោយមន្ត្រីបម្រើកិច្ចការបរទេសមួយចំនួនសម្រេចចិត្តមិនទទួលយកការងារទៅប្រទេសក្រៅ។ អ្នកការទូតមួយចំនួនមានការព្រួយបារម្ភពីករណីនេះដែលធ្វើឱ្យមន្ត្រីអាមេរិករាប់រយនាក់បាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រោគសញ្ញាដែលត្រូវបានគេស្គាល់ថាជារោគសញ្ញាហាវ៉ាណាត្រូវបានរាយការណ៍ជាលើកដំបូងដោយមន្រ្តីCIA និងបុគ្គលិកក្រសួងការបរទេសដែលធ្វើការនៅស្ថានទូតអាមេរិកនៅក្នុងប្រទេសគុយបាកាលពីចុងឆ្នាំ ២០១៦ ។ អ្នកជម្ងឺមួយចំនួនបាននិយាយថា នៅពេលរោគសញ្ញាបានលេចចេញដំបូងពួកគេមានអារម្មណ៍ថាដូចជាពួកគេត្រូវបានគេវាយ មានបញ្ហាចក្ខុ និងមានការលំបាកក្នុងការផ្តោតអារម្មណ៍។
រោគសញ្ញាបន្ថែមនៃករណីនេះមានដូចជាការបាត់បង់សមត្ថភាពនៃការស្តាប់ផងដែរ ចំពោះអ្នកការទូត និងភ្នាក់ងារមួយចំនួនដែលស្ថិតក្នុងករណីធ្ងន់ធ្ងរពួកគេត្រូវបង្ខំចិត្តបញ្ចប់បេសកកម្មនៅក្រៅប្រទេសរបស់ពួកគេមុន ហើយត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីសិក្សានិងព្យាបាលរោគសញ្ញានេះ។
បច្ចុប្បន្នមិនទាន់មានការពន្យល់ជាក់លាក់ណាមួយពីរោគសញ្ញានេះបានទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា រោគសញ្ញានេះភាគច្រើនបណ្តាលមកពីវិទ្យុសកម្ម។ ខណៈពេលដែលមិនមានការចែករំលែកព័ត៌មានជាសាធារណៈអំពីចំនួនអ្នកដែលមានរោគសញ្ញានេះ ក្រសួងការបរទេសអាមេរិកបានផ្ញើសារមួយកាលពីដើមឆ្នាំនេះបញ្ជាឱ្យអ្នកការទូត និងសមាជិកគ្រួសាររបស់ពួកគេរាយការណ៍ភ្លាមៗអំពីរោគសញ្ញា
ថ្មីដែលពួកគេមានដែលសង្ស័យជារោគសញ្ញាហាវ៉ាណា។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសគុយបាថាបានធ្វើការវាយប្រហារដោយប្រើសម្លេងទៅកាន់មន្រ្តីរបស់អាមេរិក ប៉ុន្តែគុយបាបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយវាបណ្តាលឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរនេះ។
ការសិក្សានៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៩ បានរកឃើញមានភាពមិនប្រក្រតីនៃខួរក្បាលរបស់អ្នកការទូតដែលបានធ្លាក់ខ្លួនឈឺដោយរោគសញ្ញានេះ ប៉ុន្តែគុយបាបានច្រានចោលរបាយការណ៍នេះ។