អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ៖ ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាង នឹងត្រូវចាប់វ៉ៃខ្នោះតែម្តង
ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សង្កត់ធ្ងន់ថា លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។
ការដាក់នៅវិធានការតឹងរឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាល ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងបញ្ជាក់ថា “អនុវត្តតាមការណែនាំរបស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលលល្មើសបម្រាមគោលចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត”។
លោក សាន សុខសីហា បានមានប្រសាសន៍បន្តថា ទាក់ទងការអនុវត្តបម្រាមគោលចរនៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកក្កដា មកដល់ត្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់យានយន្តល្មើសចំនួន ១០៥៣គ្រឿង ក្នុងនោះរថយន្តចំនួន៣០៧គ្រឿង និងម៉ូតូចំនួន៧៤៦គ្រឿង។ ផាកពិន័យរថយន្តចំនួន៧១គ្រឿង និងម៉ូតូចំនួន១៩២គ្រឿង។ ចំពោះការអប់រំណែនាំមានចំនួន ១២៦៤នាក់ (ស្រី ២១៤នាក់) ។ ចំណែករថយន្តដែលយកទៅរក្សាទុកចំនួន ៤៩គ្រឿង និងម៉ូតូចំនួន១៩៤គ្រឿង។


លោក សាន សុខសីហា
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយ:ប្រព័ន្ធចវិដេអូក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ស្តីពីការដកពិសោធន៍នៃការអនុវត្តបម្រាមគោចររយ:ពេល ៤ថ្ងៃកន្លងមក ( ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០២ សីហា ឆ្នាំ២០២១ ) និងបន្តអនុវត្តតាមសេចក្តីសម្រេចស្តីពីការអនុវត្តបម្រាមគោលចររបស់រដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោលចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ៕
ដោយៈពលជ័យ

