គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះបំពេញបេសកម្មការងារនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ តំណាងឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តទាំងពីរ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនដល់ថ្នាក់ដឹកនាំខេត្ត ពីគោលបំណងរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដែលចុះមកនាពេលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្ត ផលប៉ះពាល់ និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ក៏ដូចជាកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យន្តការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការរបស់ថ្នាក់មូលដ្ឋានមានលក្ខណៈយ៉ាងណាក្នុងដំណើរការអនុវត្តកិច្ចការវិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តន៍មុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុក-ខណ្ឌ-ក្រុង ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនងនិងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ បញ្ហាពលករចំណាកស្រុក និងមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលដែលថ្នាក់ជាតិបានផ្ទេរឱ្យរដ្ឋបាលមូលដ្ឋានក្នុងពេលថ្មីៗ ដើម្បីរួមគ្នារកដំណោះស្រាយ។

ក្នុងឱកាសអញ្ជើញទៅដល់ខេត្តនីមួយៗរបស់គណៈកម្មការទី៤នៃរដ្ឋសភា ថ្នាក់ដឹកនាំខេត្តទាំង២ ព្រមទាំងអង្គភាពមន្ទីរពាក់ព័ន្ធ ធ្វើសេចក្តីរាយការណ៍ជូនពីការរីកចម្រើន ស្ថានភាពភូមិសាស្រ្ត នៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងខេត្តពិសេសខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខស្ថិរភាពសង្គម បានល្អជូនប្រជាពលរដ្ឋ បានរស់នៅដោយសុខសន្តិភាព ទទួលបានផលនៃការអភិវឌ្ឍរបស់រដ្ឋាភិបាលស្របតាមយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីជាប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះខេត្តបានស្ថាបនា សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងផ្សេងៗជាច្រើនទៀតដើម្បីបម្រើដល់ផលប្រយោជន៍របស់ខេត្ត និងប្រជាជន។

បន្ទាប់ពីបានស្តាប់នូវការរាជការណ៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ធំនិងខេត្តព្រះវិហាររួចមក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថា្នក់ដឹកនាំខេត្ត អង្គភាពមន្ទីរពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរអោយកោតសរសើរជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ឯកឧត្តមក៏បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត។ចំណែកបញ្ហាប្រឈមដែលខេត្ត និងអង្គភាពមន្ទីរបានលើកឡើង គណៈកម្មការបានបញ្ជាក់ថា និងពាំនាំយកបញ្ហាប្រឈម និងការលំបាករបស់ខេត្តជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner