លោកស្រីហារីស នឹងប្រឆាំងការទាមទារសមុទ្រចិនខាងត្បូងរបស់ចិនក្នុងដំណើរទស្សនៈកិច្ចនៅអាស៊ីអាគ្នេយ៍

វ៉ាស៊ីនតោន​៖​ មន្រ្តី​សេតវិមាន​ជាន់​ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ស្រី ​កាម៉ាឡា​ ហារីស ​(Kamala Harris) ​នឹង​ផ្តោត​លើ​ការ​ការពារ​ច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ពង្រឹង​ការ​ដឹក​នាំ​ក្នុង​តំបន់​របស់​សហរដ្ឋ​អាមេរិក​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ ក្នុង​អំឡុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​សិង្ហបុរី​ នៅ​ក្នុង​ខែ​នេះ​។​

​​មន្រ្តី​សេត​វិមាន​ដដែល​ថា​ ​​ក្រុង​វ៉ាស៊ីនតោន​បាន​ឃើញ​ប្រទេស​ទាំង​ពីរ​ជា​ដៃ​គូ​សំខាន់​ ដែល​បាន​ផ្តល់​ទីតាំង​ ​ទំហំ​សេដ្ឋកិច្ច​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​ភាព​ជា​ដៃគូ​សន្តិសុខលើ​បញ្ហា​ដូចជា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​ទាម​ទារ​ស្ទើរ​តែ​ទាំង​ស្រុង​។​

មន្ត្រី​រូប​នេះ​បន្ត​ទៀត​ថា​ អាមេរិក​​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​ត្រួតត្រា​តំបន់​មាន​ជម្លោះ​​​ ឬ​​ទាញ​យក​ផល​ប្រយោជន៍​ពី​ស្ថាន​ភាព​អំណាច​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​អ្នក​ដទៃ​ឡើយ​ ហើយ​ថា​ លោក​ស្រី ​ហារីស​ នឹង​គូស​បញ្ជាក់​ថា ​គួរ​តែ​មាន​​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​នៅ​ទូទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​មិន​គួរ​មាន​ប្រទេស​ណាមួយ​​មិន​​គោរព​សិទ្ធិ​អ្នក​ដទៃ​ឡើយ​។​

លោកស្រី​ ហារីស ​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ ដែល​ធ្វើ​ទស្សនកិច្ច​វៀតណាម​ ស្រប​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​ ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​​របស់​ចិន​ដែល​កំពុង​កើន​ឡើង​ទូទាំង​ពិភព​លោក​។​ ​លោក​ស្រី ​នឹង​មក​ដល់​សិង្ហបុរី​នៅ​ថ្ងៃ​ទី​ ២២ ​ខែ​សីហានេះ​​​ រួច​ធ្វើ​ដំណើរ​ទៅ​​វៀតណាម​នៅ​ថ្ងៃ​ទី​ ២៤​ ​មុន​ត្រឡប់​ទៅ​អាមេរិក​វិញ​នៅ​ថ្ងៃ​ទី​ ២៦​​។​

​​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​ ស្វាគមន៍​ចំពោះ​វត្តមាន​យោធាអាមេរិក​នៅ​ទីនោះ​ដោយ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​យោធូបនីយកម្ម​តាម​ផ្លូវ​ទឹក​របស់​ចិន​​។​ កង​ទ័ព​ជើង​ទឹក​អាមេរិក​ បាន​រក្សា​លំនាំ​ស្ថិរភាព​នៃ​ប្រតិបត្តិការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​នៅ​ក្បែរ​កោះ​តៃវ៉ាន់​ ប៉ុន្តែ​ទាំង​នេះ​ ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​​អាក់​ដំណើរ​ការ​របស់​ខ្លួន​ឡើយ​។​

នៅ​សប្តាហ៍​នេះ​ផង​ដែរ​ រដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​លោក​ អេនតូនី​ ប្ល៊ីនខេន​ (Antony Blinken) ​នឹង​ស្វែង​រក​ការ​ពង្រឹង​​របស់​អាមេរិក​ ​ក្នុង​ការ​ចូល​រួមជាមួយ​អាស៊ី​អាគ្នេយ៍​ ដើម្បី​រុញច្រាន​ប្រឆាំងនឹងចិន​ ដោយចូល​រួម​ក្នុងកិច្ចប្រជុំតាម​ប្រព័ន្ធ​វិឌីអូ​​ជាបន្តបន្ទាប់នៅ​ក្នុង​តំបន់​នេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner