ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ សូមលោកអ្នកកុំមានចិត្តខ្លាចរអាចំពោះការធ្វើទំនាក់ទំនង ឬបណ្តាក់ទុនការងារធំ។ ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ គឺអាចធ្វើទៅបានដោយងាយស្រួលបំផុត។ ក្នុងនោះ ពេលសំណាងរបស់លោកអ្នក គឺពេលរសៀល ប៉ុន្តែចូរប្រយ័ត្នជាមួយមនុស្សសប្បុរស ទាប ពីព្រោះគេអាចនឹងនាំបញ្ហាមកកាត់លាភ។ ក្រៅពីនេះ សូមលោកអ្នកកុំទាន់ប្រថុយប្រថានធ្វើអ្វីតែម្នាក់ឯង ការសុំយោបល់ ឬសុំការសហការជាចំណុចប្រសើរណាស់ក្នុងពេលនេះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ចំពោះលោកអ្នកដែលធ្វើការជាមួយការពិភាក្សាចរចាអាចនឹងមានភាពលំបាកធ្វើឲ្យគេជឿទុកចិត្តបន្តិចហើយពេលនេះ ហេតុដូច្នេះសូមលោកអ្នកប្រមូលយកពត៌មានសំខាន់ និងភស្តុតាងទុកគ្រាន់ជាសំអាង។ ដោយឡែក ចំពោះការប្រើប្រាស់លុយកាក់ច្រើនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់លំនឹងហិរញ្ញវត្ថុ ហេតុដូច្នេះបើអាចគួរកុំបណ្តាក់ទុននឹងប្រសើរជាង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នកត្រូវខំប្រឹងប្រែងជានិច្ច ហើយក៏មិនគួរបណ្តោយយការងារឲ្យអ្នកដទៃធ្វើជំនួសដែរ។ ការសុំជំនួយជាការល្អប្រសើរណាស់ ប៉ុន្តែការគិតគូរពិចារណាជាការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះ ចំពោះលោកអ្នកដែលមានគម្រោងចាកចេញឆ្ងាយសម្រាប់ដំណើរបេសកកម្មគួរតែពិនិត្យរាល់ឯកសារសំខាន់ ពីព្រោះឳកាសដែលបាត់បង់ពត៌មានអាចកើតឡើង។ ទន្ទឹមនឹងនោះដែរ មិនគួរមើលស្រាលស្ថានភាពណាមួយឡើយ ដោយសារបញ្ហាមួយចំនួនមិនទាន់អាចកំណត់បាននៅឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកស៊ីដំណើរការទៅដោយល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះអ្នកធ្វើការរាជការ ដោយសារដំណឹងល្អទាក់ទងនឹងការតម្លើងឋានៈ ការផ្តល់ឳកាសការងារប្រសើរ និងផលលាភកើតឡើងច្រើន។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតវិជ្ជមាន ហេតុដូច្នេះធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគាំទ្រ និងជឿទុកចិត្តការអនុវត្តការងាររបស់អ្នកណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចយកឈ្នះចិត្តមនុស្សដែលមានកំហឹងផងដែរ។ ចំពោះរាល់ការប្រារព្ធពិធីនានា នឹងកើតមង្គលប្រសើរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណា សូមកុំនៅស្ងៀម ប៉ុន្តែគួរតែចាកចេញទៅប្រឈមនឹងស្ថានភាពនោះទើបជាការល្អប្រសើរជាង។ អ្នកអាចមានឳកាសច្រើននៅខាងក្រៅ។ ក្រៅពីនេះ អ្នកមានលទ្ធភាពសុំជំនួយ ពន្យល់បកស្រាយ និងបង្ហាញគម្រោងការងារដែលអ្នកគូសវាសបាន។ ហេតុដូច្នេះគ្មានហេតុផលអ្វីដែលនៅទ្រាំ ហើយបណ្តោយឲ្យបញ្ហាថ្ងៃនេះរំខានកិច្ចការអ្នកឡើយ។ ផ្ទុយទៅវិញ អ្នកមិនអាចពាក់ព័ទ្ធនឹងកម្ចីបានទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យការងារបានសម្រេចជោគជ័យបាន ប៉ុន្តែប្រហែលជាត្រូវប្រើកំលាំងកាយចិត្តច្រើនជាងធម្មតា។ ប្រសិនបើអ្នកមានភាពហត់នឿយ សូមព្យាយាមបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក ឬរកពេលសម្រាក។ លោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងការផ្លាស់ប្តូរស្ថានភាពការងារខ្លះ ប៉ុន្តែគ្មានអ្វីគួរឲ្យបារម្ភនោះទេ គឺគ្រាន់តែសម្របទៅតាមដំណើរការនោះគឺបានហើយ។ ក្រៅពីនេះ គួរប្រយ័ត្នប្រយែងជាថ្មី ជាមួយមនុស្សដែលធ្លាប់មានបញ្ហានឹងគ្នា។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដីរបស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់។ លោកអ្នកអាចបង្កើតការងារថ្មី បណ្តាក់ទុន រៀបចមពិធីមង្គល និងការចាកចេញដំណើរឆ្ងាយបាន។ អ្វីទាំងអស់នឹងដំណើរការទៅដោយរលូន។ អ្វីដែលគួរតែប្រយ័ត្នបំផុត គឺការជ្រៀតជ្រែកការងារអ្នកដទៃ បើទោះជាក្នុងបំណងល្អយ៉ាងណាក្តី។ សូមចងចាំថា អ្នកអាចផ្តល់យោបល់ ប៉ុន្តែមិនអាចអនុវត្តបានទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការដោះស្រាយភាពអសកម្មនាពេលកន្លងមក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានជោគជ័យ និងការទទួលស្គាល់សមត្ថភាពពីក្រុមការងារ និងមនុស្សនៅជុំវិញខ្លួនផងដែរ។ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការពិភាក្សាការងារជាមួយថា្នក់លើ ឬដៃគូពាណិជ្ជកម្ម ដូច្នេះធ្វើយ៉ាងណាកុំឲ្យពេលវេលាល្អនេះបាត់បង់។ ទិសដែលល្អប្រសើរសម្រាប់អ្នក គឺទិសអាគ្នេយ៍ ចូរសំលឹងមើលឳកាស និងភោគទ្រព្យនៅទីនោះ។ ក្រៅពីនេះសូមគិតគូរពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងការក្តោបក្តាប់ពត៌មាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ។ រាល់ការបណ្តាក់ទុនតូចធំ សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យមិនទាន់កើតឡើងទេនៅថ្ងៃនេះ ប៉ុន្តែបែរជាជួបនឹងស្ថានភាពប្រែប្រួលខ្លាំង ដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការចាយវាយលុយកាកទៅវិញ។ សូមលោកអ្នក ប្រើចំណេះដឹង និងបទពិសោធន៍ជាគោល ហើយរាល់លទ្ធភាពឆាប់រហ័សទាំងឡាយមិនគួរជឿនោះទេ។ ក្រៅពីនេះលោកអ្នកហាក់មានការព្រួយបារម្ភ រវើរវាយច្រើន ដែលធ្វើឲ្យអ្នកមានភាពរអាក់រអួលក្នុងការសម្រេចចិត្ត ដូច្នេះចូរសុំជំនួយប្រសិនបើចាំបាច់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម និងការងារឲ្យសោះ។ អ្នកអាចចាប់យកការងារអ្វីៗក៏នឹងទទួលបានជោគជ័យផងដែរ ពីព្រោះបញ្ហាបានច្រានចេញដោយមនុស្សជាច្រើនដែលនៅចាំជួយយកអាសារអ្នក។ ទន្ទឹមនឹងនេះ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺអាចនឹងនាំមកឲ្យដោយមនុស្សនៅក្បែរខ្លួន ដូច្នេះសូមរក្សាមាត់ ការនិយាយផ្តេសផ្តាស់នឹងកាត់លាភធំ។ ផ្ទុយទៅវិញ សូមគិតគូរពីសុខសុវត្ថិភាពក្នុងគ្រួសារ ពិសេសមនុស្សចាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរមានលទ្ធផលល្អជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណេះអ្នកក៏នឹងទទួលបានការគាំទ្រច្រើន។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោង ឬកិច្ចការដែលគួរបង្ហាញចេញ ថ្ងៃនេះជាពេលវេលាល្អណាស់។ ក្រៅពីនេះ សូមលោកអ្នកគិតគូរអំពីការតុបតែងខ្លួនជាថ្មី ពីព្រោះស្ថានភាពសាម័ញ្ញរបស់អ្នកនឹងនាំផលពិបាកក្នុងការធ្វើទំនាក់ទំនង ឬការទុកចិត្តពីមនុស្សក្នុងក្រុមការងារ ពិសេសដៃគូអាជីវកម្ម។ ទន្ទឹមនឹងនេះ សូមប្រយ័ត្នការបាត់បង់ទ្រព្យធន ពីមនុស្សដែលអ្នកមិនសូវស្គាល់ ដូច្នេះសូមរក្សាលុយកាក់ និងទ្រព្យធនទាំងនោះឲ្យបានគត់មត់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅពេលានេះអ្នកអាចនឹងធ្វើឲ្យការងារសម្រេចទៅបានដោយងាយស្រួល។ អ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារ ឬបង្កើតគម្រោងការងារធំបាន។ ប៉ុន្តែសូមកុំបោះបង់ការតាំងចិត្តនៅពេលដែលជួបបញ្ហានានា ចូរដោះស្រាយដោយសន្សឹមៗ និងដោយភាពជឿជាក់។ ក្នុងថ្ងៃនេះមិនគួររំពឹងពីការជួយជ្រោមជ្រែងពេកនោះទេ ចូរព្យាយាមបំពេញការងារដោយពឹងលើបទពិសោធន៍របស់ខ្លួន។ រក្សាភាពស្ងប់ស្ងាត់ យោគយល់ និងអនុគ្រោះជានិច្ច។ ក្នុងពេលខ្លះ គួរតែចេះបែងចែកបញ្ហា និងសេចក្តីសុខ លោកអ្នកមិនអាចពុនរែករឿងរ៉ាវគ្រប់យ៉ាងនោះទេ។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ថោះ មមី រកា រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។
ថ្ងៃនេះជាពេលវេលាលាភសំណាង និងប្រាក់កាស ចំណែកមង្គល និងភាពរីករាយក៏នឹងកើតឡើងក្នុងពេលស្របគ្នាផងដែរ។