សហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធលើផលិតផលយន្តហោះនាំចូលពីសហភាពអឺរ៉ុប ចាប់ពី១០ដល់១៥ភាគរយនៅខែមីនាខាងមុខនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីផែនការដំឡើងពន្ធលើផលិតផលយន្ដហោះនាំចូលពីសហភាពអឺរ៉ុប គិតចាប់ពី១០ដល់១៥ភាគរយ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ។

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា ក្រៅពីការដំឡើងពន្ធខាងលើនេះ ខ្លួនក៏អាចនឹងដំឡើងពន្ធ២៥ភាគរយលើផលិតផល ឈីស, ស្រា និងផលិតផលមិនមែនយន្ដហោះពីសហភាពអឺរ៉ុបផងដែរ ។

ប៉ុន្តែទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកនៅតែបន្តបើកទ្វារចរចា ដើម្បីផ្សះផ្សាជាមួយអឺរ៉ុប តែអាចនឹងចាត់វិធានការ ឬផ្លាស់ប្ដូរចិត្តភ្លាមៗ បើសិនជាអឺរ៉ុបដំឡើងពន្ធលើទំនិញសហរដ្ឋអាម៉េរិក ដែលមានពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ជុំវិញរឿងដែលអឺរ៉ុបលួចជួយក្រុមហ៊ុន អ៊ែរប៊ឺស ។

គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ដែលសហរដ្ឋអាម៉េរិកចោទថា បានលួចជួយក្រុមហ៊ុនផលិតយន្ដហោះអ៊ែរប៊ឺស ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ីង របស់អាម៉េរិក ៕

