រថយន្តកុងតឺន័របើកកៀរម៉ូតូកិនបុរសជានិស្សិតវិស្វករសំណង់ស៊ីវិលម្នាក់ បែកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ និស្សិតវិស្វករសំណង់ស៊ីវិលម្នាក់ត្រូវរថយន្តកុងតឺន័រ បើកកៀរ និងកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង ២០ យប់ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឆន រីណា ភេទប្រុស អាយុ ២២ឆ្នាំមុខរបរនិស្សិតវិស្វករសំណង់ស៊ីវិល ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតស្រុកអង្គរបុរី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF-4750 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3A-3581បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបានកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលទៅ និងថ្នល់រួចកិនពីលើបែកក្បាលស្លាប់នៅនឹងកន្លែង ភ្លាមៗនោះតៃកុងរថយន្តបានទុករថយន្តចោលបើកទ្វាររត់ខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕





