អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលការរដ្ឋានស្ថាបនាផ្លូវបេតុងជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក នៅក្រុងកំពង់ចាម
អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ នេះ បានអញ្ជើញ ដឹកនាំក្រុមការងារចុះពិនិត្យមើល ការស្ថាបនាផ្លូវក្រាលបេតុងប្រមាណជាង ១៥០០ ម៉ែត្រ និង ប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុង កំពង់ចាម ។
បើតាមលោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថាផ្លូវក្រាលបេតុង មួយខ្សែ ប្រវែងជាង ១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមួយ ខ្សែ ទៀតប្រវែងជាង២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងស្ថាបនាលូរំដោះទឹកប្រវែង ជាង១០០០ ម៉ែត្រ និងលូ ដែលត្រូវ ជួសជុលប្រវែងជាង ៤០០ ម៉ែត្រ។ លោកបញ្ជាក់ថាគម្រោងស្ថាបនាខាងលើនេះគឺជាគម្រោងស្ថាបនា តទៅ ក្នុងថវិកាសម្រាប់ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។
មន្ត្រីបច្ចេកទេសដដែលបានរំលឹកផងដែរថាក្នុងឆ្នាំកន្លងទៅពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត តែងតែបានចុះពិនិត្យមើលរាល់ពេលមានជំនន់ទឹកភ្លៀងក្នុងភូមិមួយចំនួន នៅក្នុងសង្កាត់បឹងកុកដើម្បីរកវិធីសាស្ត្រដោះស្រាយ ។ ហេតុដូច្នេះ ហើយទើបមកដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍស្ថាបនាផ្លូវក្រាលបេតុងអាមេនិង ស្ថាបនាលូរំដោះទឹកដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងដូចឆ្នាំមុនៗទៀត ៕











