សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

លោក ម៉ាក់ ហឺរ (Mr, Marc Thayre) ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេស បានលើកឡើងថា ការផ្តល់ជំនួយ វ៉ាក់សាំងដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឱ្យ អាជីវកម្មបើកដំណើរការឡើងវិញ ហើយកុមារ នឹងទទួលបានការអប់រំ និងជីវភាពរស់របស់ប្រជាជនកម្ពុជា មានភាព ប្រសើរឡើងវិញ ។ លោកបន្តថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ ចក្រភពអង់គ្លេស បានដឹកនាំ និងខិតខំ ប្រឹងប្រែង ដើម្បីការពារ មនុស្សជាតិប្រឆាំងនឹងជំងឺដ៏សាហាវនេះ ។ ជាង១ឆ្នាំមុន រដ្ឋាភិបាលចក្រភពអង់គ្លេស បាន ផ្ដល់មូលនិធិដល់ការស្រាវជ្រាវ, ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដោយផ្អែកលើមូលដ្ឋានវ៉ាក់សាំង ដែលផលិតបាន នឹងត្រូវចែកចាយនៅទូទាំងពិភពលោក ។ នេះជាគំរូដែលមិនធ្លាប់ មានពីមុនមក ដែលយើងគិតគូទៅដល់មនុស្សធំជាងប្រាក់ចំណេញ ។ នេះមានន័យថា វ៉ាក់សាំងជាង៥០០លានដូស ត្រូវបានចែកចាយ និងប្រើប្រាស់ជុំវិញពិភពលោក ។

លោកភារធារី បានឱ្យដឹងទៀតថា នៅឯកិច្ចប្រជុំកំពូល G7 នៅខែមិថុនា ចក្រភពអង់គ្លេស ប្តេជ្ញាចែករំលែកវ៉ាក់សាំង ចំនួន ១០០លានដូសបន្ថែមទៀត។ ជំនួយតាមតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីនេះ គឺជាការចាប់ផ្តើមរបស់ពួកយើង ក្នុងការធ្វើតាមការប្ដេជ្ញានោះ ។ វ៉ាក់សាំងទាំងនេះ ត្រូវបានផ្តល់ឱ្យតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីធានាឱ្យមាន ការចាក់វ៉ាក់សាំង បានឆាប់រហ័ស ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគបំលែងថ្មីរបស់កូរីដ១៩ ។ ៨០% ទៀត នៃ ការប្ដេជ្ញារបស់យើង នឹងបន្តផ្តល់ទៅឱ្យយន្តការ COVAX ។ រដ្ឋាភិបាលអង់គ្លេស បានជួយបង្កើតយន្តការ COVAX កាលពីឆ្នាំមុន និងម្ចាស់ជំនួយធំទី៤ ដោយប្ដេជ្ញាផ្ដល់ប្រាក់ជាង ៧៥០ លានដុល្លារអាមេរិក ដល់គម្រោងនេះ។

លោក ម៉ាក់ ហឺរ បានបញ្ជាក់ថា វ៉ាក់សាំងកូដ១៩ គឺជាវិធីល្អបំផុត ដើម្បីការពារប្រជាជន។ លោកក៏បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាក់វ៉ាក់សាំង និងការគាំទ្រដល់អ្នកដែលត្រូវការ វ៉ាក់សាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ភារកិច្ចរួមរបស់យើងឥឡូវនេះ គឺបង្កើតភាពសាំ។ ចក្រភពអង់គ្លេស ផ្តោតលើវិស័យចំនួន ដើម្បីស្ដារឱ្យប្រសើរជាងមុន ដែលរួមមានការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ។ ចក្រភពអង់គ្លេស បានសហការជាមួយអាស៊ាន ដើម្បីគាំទ្រដល់មូលនិធិអាស៊ានឆ្លើយតបនឹងជម្ងឺកូវីដ១៩ ដើម្បីសម្របសម្រួលនូវការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ក៏ ដូចជាការពង្រឹងបណ្តាញថែទាំសុខភាពក្នុងតំបន់ ។

លោកភារធារី បានបញ្ជាក់ទៀតថា រដ្ឋាភិបាលចក្រភពអង់គ្លេស មានសេចក្តីសោមនស្សរីករាយ អាចមានភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយនៅក្នុងអំឡុងពេលដំងឺរាតត្បាតនេះ គ្មាននរណាម្នាក់ មានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព ។

នៅក្នុងពិធីទទួលវ៉ាក់សាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញ ដោយភាពមិនប្រាកដប្រជា គឺមេរោគកូវីត-១៩ បានបន្តវិវត្តន៍ឥតឈប់ឈរទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា ដែលបាននិងកំពុងរីករាលដាលយ៉ាងខ្លាំងនៅតាមបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជា ផងដែរ ។ សម្ដេចបន្តថា ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តមួយចំនួន បិទខ្ទប់ តំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីត19 ។

សម្ដេចតេជោ បានបន្តទៀតថា កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនបានកំពុងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ លើ យុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលជំងឺ កូវីដ-19។ យោងតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារពីមេរោគកូវីដ19 រួមទាំងមេរោគ បំផ្លាញថ្មីប្រភេទដែលតាផងដែរ ។ សម្ដេចថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាល បានខិតខំ និងព្យាយាមស្វែងរកវ៉ាក់សាំង តាមរយៈយន្តការដែលមានទាំងទ្វេភាគីក្ដី ជាពហុភាគក្ដី ក្នុងនោះមានជា ជំនួយមនុស្សធម៌ក្ដី និងជាការបញ្ជាទិញដោយផ្ទាល់ក្ដី ការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេល និងតាមផែន ការដែលបានកំណត់ បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ប្រកបដោយមោទនភាពល្អប្រសើរ តាមរយៈការប្រកាន់យកអភិក្រមជាមួយនឹងភាពច្បាស់លាស់ និងប្រាកដ និយម នៃការមកដល់នៃជំនួយវ៉ាក់សាំងតាមយន្តការដែលមាន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមួយជំហានបន្ថែមទៀត នូវការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុពី ១២ឆ្នាំដល់១៨ ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់បន្ថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និង រដ្ឋាភិបាល នៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ដូសទី៣ ឬដុស ជំរុញ ហើយសម្ដេចស្នើសុំចក្រភពអង់គ្លេស ផ្ដល់ជំនួយមនុស្សធម៌ ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួល ដល់កម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់នាពេល អនាគត ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ បានអំពានាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមចូលរួមសហការយ៉ាងសកម្ម និង ពេញលេញជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនិងការពារជំងឺកូវីដ19 ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខា ភិបាល ជាពិសេស វិធានការ ៣ការពារ នឹង៣កុំ និងចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារសុវត្ថិភាព សុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានដល់មាតាបិតា អាណាព្យាបាល ក្នុងការអនុញ្ញាត និងនាំកូន-ចៅ និងកូន ក្មួយ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងមិនត្រូវឲ្យមានប្រជាជនកម្ពុជា ណាម្នាក់ មិនបានចាក់វ៉ាក់សាំងនៅពេលដល់វេនរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអំណរគុណជាថ្មីម្ដងទៀត ជូនចំពោះប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានផ្ដល់នូវជំនួយវ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner