នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖នឹងបញ្ជាក់ពីភាពស្របច្បាប់លោកក្នុងសភាក្រោយមានការអំពាវនាវឱ្យចុះចេញពីដំណែង

គូឡាឡាំពួ៖​ ​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​លោក​ Muhyiddin ​Yassin​ បាន​និយាយ​​​ថា​ លោក​នឹង​ប្តេជ្ញា​ខ្លួន​ឯង​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​សេចក្ដី​ទុក​ចិត្ត​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ដឹកនាំ​និង​រដ្ឋាភិបាល​របស់​លោក​ នៅ​ពេល​​សភា​ប្រជុំ​ឡើង​វិញ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ បើ​ទោះ​បី​សភា​ម៉ាឡេស៊ី​មិន​ធ្លាប់​​ជ្រើសតាំង​​​នាយក​រដ្ឋ​មន្រ្តីបែប​នេះ​​ពី​មុន​មក​​​ក្ដី​​។​​

តាម​រយៈ​សុន្ទរកថា​ចេញ​ផ្សាយ​ក្នុង​ទូរទស្សន៍​​កាល​ពី​ថ្ងៃ​ពុធ​ លោក​ Muhyiddin ​​ថា​ លោក​ត្រូវ​បាន​ជូន​ដំណឹង​ដោយ​ព្រះ​មហាក្សត្រ​ថា​ សមាជិក​សភា​ចំនួន​ ៨​ រូប​ បាន​ដក​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​។​ ប៉ុន្តែ​លោក​នៅ​តែ​អះអាង​ថា​ លោក​​មាន​ការ​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​សភា​ និង​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ទំនុក​ចិត្ត​ក្នុង​ស​ភា​ ហើយ​ព្រះមហាក្សត្រ​បាន​ទទួល​យក​សំណើរ​នេះ​​។​

​លោក​ Muhyiddin ​ដែល​បាន​ឡើង​កាន់​អំណាចកា​ល​ពី​ខែ​មីនា​ ឆ្នាំ​មុន​ បាន​គ្រប់​គ្រង​ដោយ​សំឡេង​ភាគ​ច្រើន​​ក្នុង​សភា​ដែល​មាន​ ២២២​ ​​អាសនៈ​។​ ចាប់​តាំង​ពី​ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​ លោក​បាន​ព្យាយាម​ជៀស​វាង​ការ​បោះឆ្នោត​សភា​ ដែល​គូ​ប្រជែង​នយោបាយ​របស់​លោក​អាច​ប្រើ​សិទ្ធិ​អំណាច​​បោះឆ្នោត​ដក​សេចក្ដី​ទុក​ចិត្ត​ ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​លោក​។​

​នាយក​រដ្ឋ​មន្រ្តី​នៅ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នេះ​ បាន​ប្រឈម​នឹង​សម្ពាធ​ផ្សេង​ៗ​ រួម​ទាំង​ពី​សម្ព័ន្ធ​មិត្ត​របស់​លោក​ផង​​​ ទាមទារ​ឱ្យ​លោក​ចុះ​ចេញ​​ពី​តំណែង​។​ រឿង​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ បាន​​​ស្តី​បន្ទោស​ជា​សាធារណៈ​ដ៏​កម្រ​មួយ​ ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​ច្បាប់​គ្រា​អាសន្ន​ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​រាជវាំង​ដូច​មាន​ចែក​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​។​

​ម៉ាឡេស៊ី​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ ចាប់​តាំង​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ Mahathir​ Mohamad​ បាន​លាលែង​ពី​តំណែង​ភ្លាម​ៗ​​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​មុន​។​ ជម្លោះ​នយោបាយ​ចុង​ក្រោយ​ បាន​កើត​ឡើង​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ ដោយ​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​រហូត​ដល់​ជាង​ ១,៧​ ម៉ឺន​នាក់​ ខណៈ​ដែល​ប្រជាជន​ជាង​ ២៣​ ភាគ​រយ​របស់​ខ្លួន​បាន​ទទួល​​វ៉ាក់សាំង​ពេញ​លេញ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner