ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ
អន្តរជាតិ៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពរហូតដល់៩៣ភាគរយ ក្នុងរយៈពេលពី៤ទៅ៦ខែ ក្រោយការចាក់ដូសទីពីរ ដោយបង្ហាញពីការប្រែប្រួលតិចបំផុតពីប្រសិទ្ធភាព ៩៤ភាគរយដែលបានរាយការណ៍នៅក្នុងការសាកល្បងព្យាបាលដំបូងរបស់ខ្លួន ។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក ស្តេហ្វេន បាសែល និយាយថា វ៉ាក់សាំងបង្ការកូវីដ១៩របស់យើង កំពុងបង្ហាញប្រសិទ្ធភាពយូរអង្វែងរហូតដល់៩៣ភាគរយក្នុងរយៈពេលប្រាំមួយខែ ប៉ុន្តែទទួលស្គាល់ថា វីរុសបម្លែងថ្មី Delta គឺជាការគំរាមកំហែងថ្មីគួរអោយកត់សម្គាល់ ដូច្នេះយើងត្រូវតែបន្តការប្រុងប្រយ័ត្ន ។ ទោះយ៉ាងណា ក្រុមហ៊ុន Moderna និយាយថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣គឺត្រូវការចាំបាច់នៅមុនរដូវរងា ដោយសារកម្រិតអង់ទីករទំនងជាថយចុះ ។
ការលើកឡើងបែបនេះកើតឡើង ខណៈដែលក្រុមមន្ត្រីសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកកំពុងជជែកវែកញែកថាតើការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ មានសុវត្ថិភាពប្រសិទ្ធភាព និងចាំបាច់ដែរឬទេ? ស្របពេលពួកគេកំពុងប្រយុទ្ធជាមួយនឹងវីរុសបម្លែងថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ៕ ប្រភព៖ Reuters

