សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធនៅបណ្តាខេត្តតាមព្រំដែនកម្ពុជា-ថៃ
ភ្នំពេញៈ តាមរយៈសារពិសេស នៅរសៀលថ្ងៃទី៦ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ និងផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនឹងទទួលហានិភ័យ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់វិលត្រឡប់ពីប្រទេសថៃវិញចូលមកកម្ពុជាវិញ។

សម្តេចក៏បានបញ្ជាឱ្យដឹកបន្ទាន់នៅវ៉ាក់សាំងអាស្ត្រាហ្សេនីកាទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា “យើងនឹងអនុវត្តបន្ទាន់ សូមលោកជំទាវ ឱ វណ្ណឌីន គឺអនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ អាចថាខានស្អែក ឬខាននស្អែកមួយ ចាប់ផ្តើមអនុវត្តការចាប់ផ្តើមចាក់ដូសទី៣ ឱ្យផ្នែកជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ទាំងអស់ដែលនៅម្តុំទទួលសេវា ព្រោះបងប្អូនទាំងនេះនឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ពីប្រទេសថៃ ឬអាចឡើងលើសពីនឹងទៅទៀតនៅក្នុងប្រទេសថៃចូលមក បងប្អូនទាំងនោះនឹងទទួលនូវការលំបាក ដូច្នេះត្រូវដឹកបន្ទាន់នូវអាស្ត្រាហ្សេនីកា ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រី កងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុតតាមដែលអាចធ្វើទៅបាន ត្រូវតែធ្វើឱ្យបាន ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយសម្រាប់អាស្ត្រាហ្សេនីកា ដែលចាក់នៅទីនោះ។ ខ្ញុំប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធរួមមានទាំងអង្គភាពបណ្តាកងពលធំ កងពលតូច បណ្តាវរសេនាធំ វរសេនាតូច និងអង្គភាពដែលធ្វើកិច្ចការងារនេះ ពាក់ព័ន្ធ និងអាវុធហត្ថ នគរបាលជាតិ ពេទ្យ និងមន្ត្រីស៊ីវិលរបស់យើង ខ្ញុំគិតថា ប្រមាណ ៣ ឬ ៤ម៉ឺននាក់ ប៉ុណ្ណឹងទៅចុះ ដូច្នេះវាមិនច្រើនទេ។ សូមឱ្យក្រុមគ្រូពេទ្យនៅបណ្តាយោធភូមិភាគ កងពលធំ កងពលតូច វរសេនាធំ វរសេនាតូច គឺហ្វឹកហាត់ និងត្រៀមចាក់ បងប្អូនធ្លាប់ដំណើរការរឿងនេះរួចមកហើយ ពេទ្យខេត្តណា គឺចាក់នៅខេត្តហ្នឹង ឈរជើងនៅក្នុងភូមិសាស្ត្រណា គឺវ៉ាក់សាំងត្រូវទៅដល់។ ដូច្នេះសូមលោកជំទាវ ឱ វណ្ណឌីន ពង្រាយវ៉ាក់សាំងបន្ទាន់ អាស្ត្រាហ្សេនីកា សម្រាប់ដូសទី៣ ដែលយើងបានប្រុងប្រៀមរួចមកហើយ គឺឱ្យចាក់នៅសប្តាហ៍ទី២នេះ។ ដោយពីមុនថានឹងរង់ចាំដល់ខែកញ្ញា ក៏ប៉ុន្តែយើងមិនអាចរង់ចាំបានទេ ហានិភ័យខ្ពស់សម្រាប់មន្ត្រីជួរមុខរបស់យើង ដែលត្រូវតែសម្រេចធ្វើកិច្ចការងារនេះឱ្យបាន”៕
ដោយៈពលជ័យ