សម្តេចតេជោ ហ៊ុន សែន ឱ្យបន្ថែមរថយន្តប្រមាណ២០០គ្រឿង ដើម្បីដឹកពលករខ្មែរមកពីថៃ

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពាក់ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។ តាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កន្លងទៅនេះ យើងបានធ្វើការបិទខ្ទប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ ប្រភេទ «ដែលតា» បូកបន្ថែមទៅដោយការជន់ជោរទៅដោយអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ ឥឡូវបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែន មកទទួលសេវាព្យាបាលនៅខាងទឹកដីកម្ពុជា បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គងបងប្អូននៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារនូវការបិទខ្ទប់នោះទេ ហើយថែមលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើឱ្យកិច្ចការងារនេះ មានកិច្ចការងារមួយចំនួនដែលចាំបាច់អភិបាលរាជធានី ខេត្ត នៅខាងក្នុងត្រូវធ្វើទី១.អភិបាលរាជធានី ខេត្ត ដែលនៅខាងក្នុងដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំឱ្យបានច្បាសលាស់ ដោយខិតខំបញ្ជូនអ្នកដែលកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំហើយ ដែលមានស្ថានភាពធូរស្រាលឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំនូវទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះសូមឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី សូមរៀបចំបន្ថែមនៅទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ នឹងក៏ដូចជាដើម្បីទទួលយកបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមទៅកន្លែងដែលបានរៀបចំ អ៊ីចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មី និងម្ខាងទៀតគឺត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកទីកន្លែងនេះសម្រាប់ទទួលបងប្អូនមកពីប្រទេសថៃ។ ទី២.គឺសូមឱ្យអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលបានត្រៀមរៀបចំប្រមាណជា២០០គ្រឿង បងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា-ថៃ ចំនួន៧ថ្ងៃរួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយ ប្រគល់ឱ្យខេត្ត និងរាជធានីនៅខាងក្រោយ ដើម្បីបន្តធ្វើចត្តាឡីស័កនៅខាងក្នុង។ ធ្វើបែបនេះ ដើម្បីឱ្យបងប្អូនដែលមានមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ មានទីកន្លែងសម្រាប់ឲ្យបងប្អូនដែលវិលមកកំពុងស្នាក់នៅត្រើយម្ខាងព្រំដែនចូលមកធ្វើចត្តាឡីស័កជំនួសកន្លែងនោះ។ ក្រៅពីការរៀបចំបែបនេះ វិធីនេះគឺជាវិធីដែលត្រូវតែឱ្យកងកម្លាំងពិសេសផ្នែកកងទ័ព ដែលទទួលបន្ទុកដឹកជញ្ជូនបង្កើនរថយន្ត ហើយរៀបចំការដឹកជញ្ជូនបងប្អូនដែលធ្វើចត្តាឡីស័កបាន៧ថ្ងៃរួចមកហើយ ត្រូវបញ្ជូនរថយន្តដឹកបងប្អូនទាំងនេះមកកាន់ខេត្ត រាជធានី នៅខាងក្រោយ។ ក្នុងករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តនៅរបៀបមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្តង ដើម្បីយកមកធ្វើចត្តាឡីស័កនៅខាងក្នុង ដូច្នេះបញ្ហានេះ វាបានក្លាយជាបញ្ហាបន្ទាន់សម្រាប់ឱ្យមន្ត្រីរបស់យើងធ្វើនូវកិច្ចការងារនេះជាបន្ទាន់ទាំងខាងមុខ និងទាំងខាងក្រោយ”។

សម្តេចចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួលចុះជួយចំពោះខេត្ត រាជធានី ជួយឧបត្ថម្ភ និងមើលការខុសត្រូវទៅលើបញ្ហានេះ រួមចំណែកជាមួយខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងហើយស្រេច និងអ្នកដែលបានទើបវិលត្រឡប់មកពីថៃ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner