លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និងជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់។ នៅថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានជំនួបទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយនូវែលសេឡង់ និងបានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។
សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយកាណាដា
កិច្ចប្រជុំបានសាទរចំពោះសារៈសំខាន់ដែលកំពុងកើនឡើងនៃទំនាក់ទំនងអាស៊ាន-កាណាដា និងបានប្តេជ្ញាសម្រេចឱ្យបានលទ្ធផលល្អប្រសើរពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ាន-កាណាដា (២០២១-២០២៥)។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បាន ស្វាគមន៍ចំណាប់អារម្មណ៍របស់កាណាដាក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន ទៅជាភាពជា ដៃគូយុទ្ធសាស្រ្ត ហើយនិងបានរំពឹងដល់ការរៀបចំឱ្យមានសកម្មភាពរួមគ្នា នៅទូទាំងសរសរស្តម្ភទំាងបី ដើម្បីប្រារព្ធខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា នៅក្នុងឆ្នាំ២០២២។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្តែងនូវសុទិដ្ឋិនិយមថា ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំ មួយនៅក្នុងពេលនោះ។
សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់កាណាដា ក្នុងការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយ របស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ការរួមចំណែករបស់កាណាដា ដែលបានផ្តល់ទឹកប្រាក់ចំនួន ៣,៥លានដុល្លារកាណាដា ដល់មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងបានផ្តល់ សម្លៀកបំពាក់ការពារ (PPEs) ក្នុងទំហំទឹកប្រាក់ ៤,៥លានដុល្លារកាណាដា ដើម្បីគាំទ្រដល់ការឆ្លើយតបតំបន់។
សម្រាប់ការកំណត់ទិសដៅអនាគតនៃទំនាក់ទំនងសន្ទនាអាស៊ាន-កាណាដា កាណាដាបានអះអាងជាថ្មីអំពីការគាំទ្រមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្ម និងបានប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដូចដែលមានចែងក្រោមទស្សនៈវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា នៅក្នុងវិស័យផ្សេងៗ រួមមាន កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាត សុខភាពសាធារណៈនិងការអប់រំ ពាណិជ្ជកម្មនិងការវិនិយោគ ដោយផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងគ្រោះមហន្តរាយ ការលើកកម្ពស់និងការការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក និងការបង្រួមគម្លាតអភិវឌ្ឍន៍។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន ស្វាគមន៍សំណើរបស់កាណាដា ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប នៅឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃភាពជាដៃគូ សន្ទនាអាស៊ាន-កាណាដា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបានឆាប់រហ័សនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដើម្បីអាចក្តាប់យកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលយ៉ាងធំធេងសម្រាប់តំបន់ទាំងពីរ។ ឯកឧត្តម ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើរបៀបវារៈ ស្តីពីស្រ្តី សន្តិភាព សន្តិសុខ និងការថែរក្សាសន្តិភាពតាមរយៈកម្មវិធីកសាងសមត្ថភាព និងគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ (២០១៤-២០២៣) និងបានសម្តែងនូវការកោតសរសើរសម្រាប់ការគាំទ្ររបស់កាណាដាចំពោះអាស៊ាន តាមរយៈមូលនិធិអាកាសធាតុកាណាដា សម្រាប់វិស័យឯកជននៅក្នុងតំបន់អាស៊ី និងមូលនិធិសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។ ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី បានថ្លែងអំណរគុណកាណាដាសម្រាប់ការគំាទ្រដល់កម្ពុជា ក្នុងវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មតំបន់។
សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយនូវែលសេឡង់

កិច្ចប្រជុំត្រូវបានអញ្ជើញធ្វើជាសហប្រធានដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់។
កិច្ចប្រជុំបានរំលឹកអំពីការរៀបចំប្រកបដោយភាពជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-នូវែលសេឡង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងអាស៊ាន និងនូវែលសេឡង់ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់៖ កេរដំណែលនៃភាពជាដៃគូ អនាគតរួមគ្នា។ កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសំរាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- នូវែលសេឡង់ (២០២១-២០២៥) ស្របតាមមូលបទគន្លឹះដែលបានឯកភាព «សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី» ជាមួយនឹងទស្សនៈក្នុងការរួមចំណែកដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥។
អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនូវែលសេឡង់ ក្នុងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន តាមរយៈការផ្ដល់អាហារូបករណ៍ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី។ ក្នុងន័យនេះ អាស៊ាន បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ សម្រាប់ការបន្តផ្តល់កម្មវិធីបណ្តុះបណ្តាល រយៈពេលខ្លី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈកម្មវិធី AHA Center Executive (ACE) ក៏ដូចជាជំនួយដល់ការអភិវឌ្ឍវិស័យកសិកម្មដែលឆ្លាតធន់នឹងអាកាសធាតុ នៅក្នុងប្រទេសជាសមាជិក អាស៊ាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមរយៈសម្ព័ន្ធភាពស្រាវជ្រាវសកល ស្តីពីឧស្ម័នផ្ទះកញ្ចក់។
កិច្ចប្រជុំបានស្វាគមន៍ការចាប់ផ្តើមកិច្ចចរចាដើម្បីលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងទន្ទឹងដល់កម្មវិធីគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដែលរហូតមកដល់ពេលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន។
កិច្ចប្រជុំបានរំពឹងដល់ការសំរេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់ ដែលមានគុណភាពខ្ពស់ រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសនូវែលសេឡង់ ដើម្បីផ្តល់ នូវបរិយាកាសមួយដែលកាន់តែបើកចំហសម្រាប់ការតភ្ជាប់ផ្លូវអាកាស និងដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់ចរាចរប្រជាជន និងទំនិញ។ អាស៊ានបានស្វាគមន៍ដល់ការគាំទ្របន្តរបស់នូវែលសេឡង់
សម្រាប់ការអនុវត្តផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN)
និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កសិកម្មដែលឆ្លាតធន់នឹងអាកាសធាតុ ការសម្រួលធុរកិច្ចនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។
កិច្ចប្រជុំបានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលដែលនឹងចប់អាណត្តិ ដែលបានកាច់ចង្កូតដឹកនាំភាពជាដៃគូអាស៊ាន-នូវែលសេឡង់ ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុង រយៈពេលបីឆ្នាំចុងក្រោយនេះ (២០១៨-២០២១) និងបានសម្តែងនូវទំនុកចិត្តថាទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ នឹងកាន់តែលូតលាស់ក្រោមការដឹកនាំរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលបន្ទាប់ សម្រាប់រយៈពេលបីឆ្នាំខាងមុខ។
ជំនួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់
នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសនូវែលសេឡង់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី មានជំនួបទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា និងឈានដល់ការឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា
ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ ដែលជាការបារម្ភ និងចំណាប់អារម្មណ៍រួម។
លោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា បានសម្តែងការកោតសរសើរដល់កម្ពុជា ដែលបានធ្វើការងារសម្របសម្រួលយ៉ាងល្អប្រសើរ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។ លោកជំទាវ ក៏បានអបអរសាទរផងដែរដល់ប្រទេសកម្ពុជា ចំពោះ សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម

ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា រួមមានកម្មវិធីបណ្តុះបណ្តាលភាសា ដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ សកម្មភាពបោសសំអាតមីន និងកម្មវិធីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់ស្រ្ដីដែលបានបាត់បង់ការងារដោយសារជំងឺរាតត្បាតកូវីដ-១៩។
ពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនា របស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។ ឯកឧត្តម រួមនិងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីលើការចុះហត្ថលេខាលើលិខិតដែលនឹងចូលជាធរមាន ដោយអគ្គលេខាធិការអាស៊ាន និង ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។ នៅក្នុងពិធី ឯកឧត្តម ដូមីនិក រ៉ាអាប់ បានអះអាងថា ចក្រភពអង់គ្លេស ជាប្រទេសទី១ ដែលត្រូវបានផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ានក្នុងរយៈពេល២៥ឆ្នាំមកនេះ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ និងបំណងប្រាថ្នារួម សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តម ដូមីនិក រ៉ាអាប់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុនិងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធឺរ-ណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា។ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសព្រុយណេដារ៉ូស្សាឡាម ដែលជាប្រធានអាស៊ាន បានស្វាគមន៍ចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន និងការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីទទួលបានផលប្រយោជន៍មុតមាំ និងទៅវិញទៅមក ពីភាពជាដៃជាមួយអាស៊ាន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner