លុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលមកកម្ពុជាចាប់ពីចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ
កម្ពុជាបានប្រកាសលុបចោលបំរាមហាមឃាត់ការធ្វើដំណើររបស់ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់មកពីប្រទេសឥណ្ឌាចូលក្នុងប្រទេសចាប់ពីក្រោយម៉ោង១២អាធាត្រថ្ងៃសុក្រនេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បាន ឲ្យដឹងថា «យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ក្រសួងសុខាភិបាល សូមប្រកាសលុបចោល សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះ នឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣:៥៩ ថ្ងៃទី០៦ (០០៖០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១តទៅ»៕
