ពន្លកសង្គមទទួលបានការពារ ការបង្ការពីជំងឺឆ្លងកូវីដ-១៩ និងកិច្ចគាំពារដល់សុខភាព
កុមារ និងយុវជនកម្ពុជា ពិតជាមានក្តីរំភើបគួរជាទីមោទន និងពោរពេញដោយក្តីសង្ឃឹមចំពោះអនាគត ដោយថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានជម្នះរាល់ការលំបាក និងដាក់ចេញនូវវិធានការយ៉ាងប្រទាក់ក្រឡានិងស៊ីចង្វាក់គ្នាក្នុងការការពារឧត្តមប្រយោជន៍សង្គមជាតិ និងអាយុជីវិតប្រជាជននូវគ្រប់ស្រទាប់។
ការផ្តល់វ៉ាក់សាំងជូនកុមារ និងយុវជននៅពេលនេះ គឺជាជំហ៊ានដ៏ប្រាកដនិយមក្នុងសេចក្តីប៉ងប្រាថ្នាការពារនិងថែរក្សាគ្រាប់ពូជដែលជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ជ្រោងទង់នាវាកម្ពុជាឆ្ពោះទៅអារ្យប្រទេសនាពេលអនាគត ជាពិសេសក្នុងដំណើរបំបែកឯកត្តកម្មកម្ពុជាខ្លួនឯងពីប្រទេសមានចំណូលទាប ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងស្មារតីនេះ ស.ស.យ.ក បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម និងទន្ទឹមគ្នាជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈឱ្យកុមារ និងយុវជន ដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ បានទទួលវ៉ាក់សាំងពោរពេញដោយស្នាមញញឹម និងភាតរភាព គួរជាទីមោទន ៕ ដោយ / គ្រី សម្បត្តិ







