តុលាការឃុំខ្លួន ម្ចាស់ហាងគោលដៅចាស់ ខណះមនុស្ស១៣នាក់ ពិន័យ និងធ្វើការអប់រំ
កណ្តាល៖លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញដីកាឃុំខ្លួន លោក ឡៅ អ៊ូ ហៅខេន អាយុ៣៥ឆ្នាំ ជាម្ចាស់ហាង «គោលដៅចាស់» ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ «រារាំងដល់ការអនុវត្តវិធានការ» របស់អាជ្ញាធរ ពាក់ព័ន្ធការព្រហើនហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេស គឺ បានប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល តែម្ដង ។
ដោយឡែកមនុស្ស១៣នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការពិន័យតាមច្បាប់កូវីឌ និងធ្វើការអប់រំ អោយវិលត្រឡប់ទៅផ្ទះវិញ ។
គួររំលឹកថា ហាង«គោលដៅចាស់» ត្រូវបានចុះបង្ក្រាប កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធការព្រហើនហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេស គឺ ប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល តែម្តង ។
ការចុះបង្ក្រាបទ្រង់ទ្រាយធំ នេះ គឺ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង ចូលរួមបង្ក្រាបផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ។
រដ្ឋបាលខេត្តកណ្តាល បានដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ ៕




