អភិបាលខេត្តបាត់ដំបង កោតសរសើរអាជ្ញាធរស្រុកសំពៅលូន ដែលបានបញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃបានច្រើនជាង៧០០ករណី និង ជំរុញឲ្យអភិបាលស្រុកទទួលការតែងតាំងថ្មីត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ឲ្យចប់សព្វគ្រប់
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងកោតសរសើរ ដល់អាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូនកន្លងមក ដែលបានខិតខំក្នុងការដោះស្រាយបញ្ហាដីធ្លីកើតមានក្នុងស្រុកដ៏ស្រួចស្រាវរបស់ខ្លួនបានយ៉ាងល្អប្រសើរ ឆ្លើយតបនិងគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដោយគូភាគីជម្លោះបានចូលរួមក្នុងការដោះស្រាយជម្លោះទាំងនោះជាមួយនិងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារដីធ្លីថ្នាក់ខេត្តរហូតទទួលបាននូវដំណោះឆ្លើយតបឈ្នះឈ្នះទាំងអស់គ្នាធ្វើឲ្យជម្លោះទាំងនោះបានធូរស្រាលស្ទើរតែបញ្ចប់ទាំងស្រុង ដោយក្នុងនោះ អាជ្ញាធរនៅទីនេះ បានបញ្ចប់ករណីវិវាទនិងជម្លោះដីធ្លីក្នុងស្រុករបស់ខ្លួន បានប្រមាណ៧៤៦ករណី ហើយនៅសេសសល់តិចតួចតែជាង២០ករណីប៉ុណ្ណោះ ដែលតំរូវឲ្យលោកអភិបាលស្រុកសំពៅលូនថ្មី ទើបតែទទួលបាននូវការតែងតាំង និងចូលកាន់មុខតំណែងថ្មីរបស់ខ្លួន ត្រូវតែបន្តយន្តការដោះស្រាយនូវទំនាស់ដីធ្លីទាំងនោះ ដោយការយកចិត្តទុកថាក់ឲ្យបានសមស្របឆ្លើយតបទៅនិងបទដ្ឋានគតិយុត្តនិងនីតិវិធីច្បាប់ឲ្យបានសមស្របទៅនិងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល កន្លងមក។
ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តបាត់ដំបងបែបនេះ គឺក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មីរបស់ លោក ហម សំខាន់ ជាអភិបាលស្រុកសំពៅលូនថ្មី កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះដើម្បីជំនួស លោក ងាវ ប៊ុនយាង អភិបាលស្រុកចាស់ ដែលត្រូវចូលនីវត្តន៍។
ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកនិងបានជម្រុញដល់គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុករបស់ខ្លួនបន្ថែមទៀត។ដែលកន្លងមកនៅក្នុងស្រុកនេះ បានធ្វើរួចហើយ ចំនួន ១៨.០០០ គ្រួសារ ក្នុងឃុំចំនួន០៤ របស់ស្រុក និងបានផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីដ្លី សរុបចំនួន១១.០៨០ គ្រួសារ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចាត់ទុកការផ្តល់ប័ណ្ណដីធ្លីជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់សេវាចាក់ចំបេះដូងប្រជាពលរដ្ឋ ហើយសេវាបែបនេះ បងប្អូនប្រជាពលរដ្ឋលោកចង់បានណាស់សេវាមួយនេះ។ ឯកឧត្តមបានផ្តល់ការកោតសរសើរទៀតថា៖ សេវាបែបនេះ? កម្រស្រុកណាធ្វើបានច្រើនបែបនេះណាស់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំមន្ត្រីបង្គោលរបស់ខ្លួនឲ្យចុះមកធ្វើកិច្ចការទាំងនេះជាមួយនិងអាជ្ញាធរនៃរដ្ឋបាលស្រុកនៅតាមបន្ទាត់ព្រំដែនក្នុងស្រុកទាំង៣នេះ ដើម្បីជម្រុញការងារផ្តល់សេវាដីធ្លីជូនពួកគាត់ឲ្យបានឆាប់រហ័ស កាន់តែល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានចាត់ទុកការដោះស្រាយក្នុងការផ្តល់សេវាដីធ្លីជូនបងប្អូននៅទីនេះ គឺជាការល្អបំផុត តាមរយៈការផ្តល់សេវាបានឆាប់រហ័សឆ្លើយតបនិងតម្រូវការដែលប្រជាពលរដ្ឋចង់បាន។ទី២គឺវាមិនងាយនិងកើតឡើងនូវទំនាស់ដីធ្លីវិញបាននោះទេ? គឺដោយសារយើងអនុវត្តនៃការចុះបញ្ជីដីធ្លីទៅតាមនីតិវិធីច្បាស់លាស់រួចហើយ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចាត់ទុកការផ្តល់សេវាបែបនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការជួយដល់សង្គមនិងសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សាស្រុកឃុំនិងបណ្តាអង្គភាពជុំវុញស្រុកនិងកងកម្លាំងទាំង៣បន្តកិច្ចសហការល្អជាមួយនិងអាជ្ញាធរជាពិសេសលោកអភិបាលស្រុក ដែលទើបតែទទួលការតែងតាំងនិងចូលកាន់មុខតំណែងថ្មី ត្រូវបន្តរួមគ្នាក្នុងការធ្វើឲ្យសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត និងស្ថាប័ននានាក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងស្រុក ឲ្យបានលឿន បានឆាប់ប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលការងារ គោរពអនុវត្តនូវតួនាទីភារកិច្ចចំពោះមុខដោយការទទួលខុសត្រូវ ឲ្យឆ្លើយតបទៅនិងឋានានុក្រមជាមន្ត្រីសាធារណៈរបស់រដ្ឋ ក្នុងការបំពេញមុខនាទីនិងកាតព្វកិច្ចចំពោះមុខដែលខ្លួនត្រូវបំពេញ។ អ្វីដែលផ្តោតសំខាន់ការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងរាតត្បាតជាសកលពីជំងឺកូវីថ-19បំប្លែងថ្មី ប្រភេទDelta.និងត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកុំឲ្យឆ្លងរាលដាលចូលក្នុងសហគមន៍ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធាការបិទខ្ទប់ របស់រាជរដ្ឋាភិបាល ដែលស្ថិតក្នុងដែនសមត្ថកិច្ចទទួលខុសត្រួវរបស់ខ្លួន៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )