លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ។
សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប (EU)
កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត តាមការឯកភាពនៅក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ និងបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០១៨-២០២២)។
រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដោយឈរលើជំនឿរួមនៅក្នុងសណ្តាប់ធ្នាប់ពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសនៅពេលដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួម។ ភ្ជាប់ជាមួយបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរតួនាទីដ៏សកម្មរបស់សហភាពអឺរ៉ុប នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការរួមចំណែករបស់ខ្លួន ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងចំពោះកញ្ចប់ថវិកា «ក្រុមអឺរ៉ុប (Team Europe)» របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ច្រើនជាង៨០០លានអឺរ៉ូ ជួយដល់អាស៊ានក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ រដ្ឋមន្រ្តី ការបរទេសអាស៊ាន បានសង្កត់ធ្ងន់អំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត តាមរយៈក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយ របស់អាស៊ាន (ACRF) ។
នៅក្នុងការពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប កិច្ចប្រជុំបានអះអាងជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌របស់អាស៊ាន-សហភាព អឺរ៉ុប នៅក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្មនិងវិនិយោគ សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ ទេសចរណ៍ ទីក្រុង ឆ្លាត ការការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវសាស្រ្តចម្រុះ ការគ្រប់គ្រងគ្រោះមហន្តរាយ ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្រួមគម្លាតអភិវឌ្ឍន៍ ទេសន្តរប្រវេសន៍ យុវជននិងការអប់រំ ជាដើម។ កិច្ចប្រជុំបានផ្តល់យោបល់ថា តំបន់ទាំងពីរមានភាពចាំបាច់ត្រូវដោះស្រាយការធ្វើពាណិជ្ជកម្មទ្វេភាគីដោយសមធម៌ ខណៈដែលតំបន់ទាំងពីរកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តដែលទើបត្រូវបានលើកកម្ពស់ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវីញទៅមក។
ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគាំទ្រ សំណើរបស់សហភាពអឺរ៉ុបក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ នៅឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សមភាពនិងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លើសពីនេះទៅទៀត ឯកឧត្តម បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២។
កិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពនៃដំណើរការវេទិកាតំបន់អាស៊ាន និងបានគូសបញ្ជាក់អំពីការរួមចំណែកយ៉ាងសំខាន់ដល់ការកសាងជំនឿទុកចិត្ត សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក។ ដើម្បីបន្តរក្សាបានសន្ទុះវិជ្ជមាននេះ រដ្ឋមន្រ្តីការបរទេសបានចែករំលែកការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញដំណើរការវេទិកាតំបន់អាស៊ានឆ្ពោះទៅមុខ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់បន្ទាត់សកម្មភាពក្រោមផែនការសកម្មភាពទីក្រុងហាណូយ ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៥ (HPOA II) របស់វេទិកាតំបន់អាស៊ាន ។
រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាការចាប់អារម្មណ៍ និងការបារម្ភរួម ដូចជា និម្មាបនកម្មភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗទាក់ទងនឹងបទដ្ឋាន និងសណ្តាប់ធ្នាប់ដែលឈរលើគោលការណ៍ច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការកើនឡើងនូវការគំរាមកំហែងដល់សន្តិសុខប្រព័ន្ធ អ៊ីនធឺណេត អំពើភេរវកម្ម សន្តិសុខនិងកិច្ចសហប្រតិបត្តិការលំហសមុទ្រ ការប្រែប្រួលអាកាសធាតុ សន្តិភាពជាអចិន្ត្រៃយ៍ និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំបានស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ដែលជាបោះជំហានទៅមុខដ៏សំខាន់ឆ្ពោះទៅកាន់ការអនុវត្តការឯកភាព ជាឯកច្ឆន្ទប្រាំ ចំណុច ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរបស់ ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
កិច្ចប្រជុំបានស្វាគមន៍ចំពោះការបោះពុម្ពផ្សាយទស្សនវិស័យសន្តិសុខប្រចាំឆ្នាំ (ASO) របស់វេទិកាតំបន់អាស៊ាន ឆ្នាំ២០២១ និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព និងជំនឿទុកចិត្តក្នុងចំណោមប្រទេសជាសមាជិករបស់វេទិកាតំបន់អាស៊ាន។
រដ្ឋមន្រ្តីការបរទេសបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ ឆ្ពោះទៅរកការឆ្លើយតបរួមគ្នានិងប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួម ស្តីពីការលើកកម្ពស់របៀបវារៈស្តីពីយុវជន សន្តិភាព និងសន្តិសុខ សំដៅបង្កើនការចូលរួមរបស់យុវជនប្រកបដោយបរិយាប័ន្ន នៅក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក៏ដូចជាក្នុងការកសាងសន្តិភាព និងការរក្សាសន្តិភាព។
កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅនាពេលអនាគតរបស់វេទិកាតំបន់អាស៊ាន និងបានឯកភាពរក្សាដំណើរការវេទិកាតំបន់អាស៊ាន ជាវេទិកាមួយដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅ អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងអនុវត្តសកម្មភាពនានាដែលគាំទ្រដល់ការកសាងទំនុកចិត្ត និងការជឿជាក់ក្នុងចំណោមអ្នកចូលរួម។ រដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ាន ក្នុងការសម្រួលកិច្ចសហការដែលយកអាស៊ានជាស្នូល លើបញ្ហានយោបាយ និងសន្តិសុខតំបន់ ដែលជាការចាប់អារម្មណ៍ និងការបារម្ភរួមគ្នា។ ក្នុងន័យនេះ រដ្ឋមន្រ្តីវេទិកាតំបន់អាស៊ាន ក៏បានចែករំលែកទស្សនៈរបស់ខ្លួនអំពីតម្លៃនៃការឈានចូលដំណាក់កាលការបង្ការផ្នែកការទូត នៅក្នុងដំណើរការវេទិកាតំបន់អាស៊ាន ជាពិសេស នៅក្នុងការគិតគូរពិចារណាលើភាពស្មុគស្មាញដែលកំពុងកើតមាន និងភាពមិនច្បាស់លាស់ដែលកំពុងប៉ះពាល់ដល់តំបន់។
ខណៈដែលកិច្ចប្រជុំត្រូវបានរៀបចំឡើងចំថ្ងៃដែលគ្រាប់បែកអាតូមិកត្រូវបានទំលាក់ទៅលើទីក្រុងហ៊ិរ៉ូស៊ិម៉ា (Hiroshima) កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ១៩៤៥ កិច្ចប្រជុំបានអំពាវនាវដល់ពិភពលោកកុំឱ្យមានប្រវត្តិសាស្រ្តច្រំដែល ដូចនៅទីក្រុងហ៊ិរ៉ូស៊ិម៉ា (Hiroshima) និងណាហ្គាសាគិ (Nagasaki) និងបានទទូចឱ្យមានសកម្មភាពបន្ថែមទៀតលើការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគី និយម សម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់ សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោបដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោ-បាយូបនីយកម្ម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចារ លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)៕សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner