ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់លោកអ្នកមានដំណើរការល្អជាប្រក្រតី។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងអាចសម្រេចជោគជ័យរាល់ភារកិច្ចការងារដែលដាក់ចេញមកអនុវត្តក្នុងពេលនេះ។ ក្រៅពីនេះសូមកុំមានការព្រួយបារម្ភអំពីហេតុការលំបាកណាមួយឡើយ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារណាស់។ ដោយឡែក សម្រាប់លោកអ្នកប្រកបរបរជួញដូរអាចទទួលបានប្រាក់ចំណេញបានច្រើនលើសពីការរំពឹងទុក។ ក្នុងនោះ ប្រសិនបើអ្នកធ្វើការជាក្រុម លោកអ្នកនឹងអាចជៀសផុតពីហានិភ័យបាន។ សូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសជម្លោះនៅក្នុងរង្វង់ការងារ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះធានាផ្តល់ជូននូវភាពរីកចម្រើននិងស្ថានភាពងាស្រួលសម្រាប់ដំណើរការអនុវត្តការងារតូចធំនានា។ លោកអ្នកនឹងមិនជួបភាពលំបាកក្នុងការងារនោះទេ ដោយសារមានមនុស្សច្រើននៅជុំវិញខ្លួនជួយទំនុកបម្រុង និងយកអាសារណាស់។ ចំពោះលាភសំណាងនៅថ្ងៃនេះច្រើនទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់។ ក្នុងនោះប្រសិនបើអ្នកចាប់ផ្តើមអនុវត្តការងារពីពេលព្រឹកនោះភាពចម្រើនលូតលាស់នឹងកើតឡើងទ្វេរដង។ ក្រៅពីនះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារថ្មី។ ទន្ទឹមនឹនោះ សូមបង្ហាញគំនិតយោបល់របស់អ្នកដោយភាពក្លាហាន ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានទិន្នផលគាប់ប្រសើរ ក៏ប៉ុន្តែសូមភ្ជាប់ជំហានការងាររបស់អ្នកជាមួយផែនការអនុវត្តជានិច្ច ដើម្បីឲ្យទទួលបានផលកាន់តែប្រសើរ។ ដោយឡែក ការជឿទុកចិត្តមនុស្សដែលមិនស្គាល់ច្បាស់ គឺត្រូវហាមជាដាច់ខាត ពីព្រោះស្ថានភាពលំបាកនឹងកើតឡើងជុំវិញទំនាក់ទំនងថ្មីៗទាំងនោះ។ ក្រៅពីនេះ សូមរក្សាការរស់នៅយ៉ាងស្ងៀមស្ងៀមបំផុតដើម្បីបញ្ជៀសបញ្ហាដែលអាចនឹងកើតឡើង។ ទន្ទឹមនឹងនេះ សូមគិតគូរបញ្ហាសុខភាព ប្រយ័ត្នរោគរលាកប្រព័ន្ធរំលាយអាហារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលផលល្អប្រសើរ។ ក្នុងនោះសូមលោកអ្នកចំណាយពេលវេលាឲ្យបានត្រឹមត្រូវ ពីព្រោះអ្នកអាចមិនមានពេលវេលាគ្រប់គ្រាន់បំពេញការងារឲ្យចប់ចុងចង់ដើមនោះទេ។ ប្រសិនបើអាចគួរជ្រើសរើសការងារអាទិភាព និងចាប់ផ្តើមតាំងពីព្រឹក។ កុំជឿជាក់មនុស្សគ្រប់គ្នាឲ្យសោះ ពីព្រោះស្ថានភាពខកចិត្តក៏អាចនឹងកើតឡើងផងដែរ។ ក្នុងនោះប្រសិនបើអ្នករកច្រកចេញមិនឃើញ សូមកុំភ្លេចមនុស្សចាស់ដែលនៅក្បែរ។ ដោយឡែក សូមប្រុងសំឡឹងមើលស្ថានភាពប្រែប្រួលពីទិសខាងកើត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រទះនឹងការលំបាក អ្នកអាចនឹងស្ថិតក្នុងស្ថានភាពពាក់កណ្តាលទី ដែលពិបាកឲ្យអ្នកសម្រេចចិត្ត។ ស្ថានភាពលំបាកនេះទាមទារការជំនះយ៉ាងមុតមាំ បើមិនដូច្នេះអ្នកនឹងទទួលបានការខកចិត្តច្រើន។ ប្រសិនបើអាច សូមព្យាយាមរកជំនួយពីមនុស្សដែលអ្នកស្គាល់ច្បាស់ ប៉ុន្តែសម្រាប់មនុស្សក្នុងក្រុមការងារអាចនឹងមិនសូវជាគាំទ្រអ្នកនោះទេ។ ក្រៅពីនេះ សូមសំឡឹងមើលរាល់ស្ថានភាពប្រែប្រួល អ្នកគួររហ័សរហួន ធ្វើយ៉ាងណាសម្រេចចិត្តឲ្យបានលឿន និងប្រកបដោយហេតុផល។ ដោយឡែក អ្នកមានលទ្ធភាពដោះស្រាយបញ្ហាឲ្យបានប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបរអាជីវកម្មតូចធំមានដំណើរការទៅយ៉ាងរលូន។ សំណាងរបស់អ្នកនឹងអាចនាំមកឲ្យ ដោយមនុស្សពីចំងាយ។ លោកអ្នកក៏អាចនឹងទទួលបានដំណឹងប្រែប្រួលក្នុងការងារមួយចំនួនផងដែរ ដូច្នេះវាអាស្រ័យលើអ្នក ថាតើនឹងទទួលចាត់ចែងវាដោយរបៀបណា។ ប្រសិនបើអ្នកត្រៀមខ្លួន ហើយរៀបចំការងារឲ្យមានរបៀបរៀបរយ នោះអ្នកអាចចាប់យកឳកាសទាំងនេះមកអភិវឌ្ឍន៍ការងារបានយ៉ាងល្អ។ ចំពោះលោកអ្នកដែលចង់បណ្តាក់ទុន បង្កើតមុខរបរថ្មី និងផ្លាស់ប្តូរការងារសូមធ្វើចុះ អ្វីៗមានដំណើរការល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទាំងអាជីវករ និងអ្នករដ្ឋការ ព្រមទាំងបុគ្គលិកឯកជន ហាក់មិនទាន់អាចទទួលបានដំណឹង និងភាពជោគជ័យតាមការរំពឹងទុកនោះទេ។ លោកអ្នកក៏មិនគួរមានការព្រួយបារម្ភច្រើនពេកនោះទេ ចូរខិតខំបំពេញការងារបន្តទៀត ផ្លាស់ប្តូររបៀបគ្រប់គ្រងការងារ និងកុំភ្លេចការផ្សព្វផ្សាយ។ ក្នុងនោះទំនាក់ទំនងរបស់អ្នកជាមួយថ្នាក់លើ ហាក់កំពុងមានភាពរង្គោះរង្គើខ្លះ ដូច្នេះសូមកុំឃ្លាតឆ្ងាយពេក ប្រយ័ត្នបាត់បង់ឳកាសក្នុងការកត់សម្គាល់។ ថ្ងៃនេះជម្លោះ ឬភាពអាក់អន់ចិត្តក៏នឹងកើតឡើង អាស្រ័យហេតុនេះសូមរក្សាភាពសំដី អាកប្បកិរិយា និងមានភាពអនុគ្រោះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមានការលំបាកក្នុងការប្រកបការងារឲ្យទទួលបានផលល្អ បើទោះបីលោកអ្នកខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏បញ្ហានៅតែប្រទាក់ក្រឡាច្រើន។ សូមងាករកជំនួយពីមនុស្សក្នុងក្រុម ពិនិត្យតាមដានជំហាននៃការងាររបស់អ្នក ហើយចូរដោះស្រាយបញ្ហានានាឲ្យបានលឿន។ ចំពោះអ្នករដ្ឋការសូមព្យាយាមបញ្ចប់ការងារដែលសេសស់ ហើយប្រយ័ត្នចំពោះភាពធ្វេសប្រហែស ឬការខ្ជិលច្រអូស។ ប្រសិនជាអ្នកមានបំណងធ្វើដំណើរឆ្ងាយ សូមជៀសវាងទំនាក់ទំនងនឹងមនុស្សផ្ទុយភេទ ដែលអ្នកទើបស្គាល់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការរដ្ឋ ឯកជននានាដំណើរការទៅយ៉ាងរលូន។ ថ្ងៃនេះជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងតូចធំ រួមទាំងការចរចាជាមួយដៃគូពាណិជ្ជកម្មដ៏តានតឹងរបស់អ្នកក្តី។ ទន្ទឹមនឹងនេះ សូមចាប់ផ្តើមការងារឲ្យបានរហ័សដើម្បីបញ្ចៀសបញ្ហាមួយចំនួនដែលអាចនឹងកើតឡើងនៅរវាងពេលរសៀល ដែលនឹងបណ្តាលឲ្យអ្នកមិនអាចបំពេញការងារឲ្យចប់ចុងចប់ដើម។ ក្នុងនោះសូមកុំប្រញាប់ប្រញាលបដិសេធការស្នើសុំ ឬការផ្តល់ជូនលឿនពេក ប្រយ័ត្នមានកំហុស និងប្រយ័ត្នបាត់ឳកាស។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ផ្នែកអាជីវកម្ម ពីព្រោះតែស្ថានភាពប្រែប្រួលដ៏ឆាប់រហ័ស និងពីមនុស្សដែលគ្មានបំណងល្អជាមួយអ្នកទាំងនោះ។ អ្នកអាចនឹងពិបាកស្វែងយល់ចិត្តគំនិតរបស់គេណាស់ ដូច្នេះការតបតមិនមានប្រយោជន៍សោះ ប៉ុន្តែដើម្បីការពារការងារ និងរបររបស់អ្នកពីបញ្ហា សូមរក្សាការសំងាត់នៃការអនុវត្ត ហើយក៏មិនគួរមានជំនឿទៅលើមនុស្សដែលនៅជុំវិញខ្លួនអ្នកពេកដែរ។ ប្រសិនជាអាច ការអនុវត្តការងារតែឯង ប្រសើរជាងធ្វើការរួមគ្នា ទើបមិនសូវមានកំហុស និងបង្ករបញ្ហា។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងទទួលបានអតិថិជនច្រើន រួមទាំងផលចំណេញច្រើនលើសពីការរពឹងទុក។ ថ្ងៃនេះការចរចា និងពិភាក្សាក្នុងជំនួញមានលទ្ធផលល្អណាស់ ដូច្នេះសូមកុំបង្អង់ក្នុងការដាក់ចេញការងារដែលអ្នកបានគ្រោងទុក។ ចំពោះលោកអ្នកប្រកបការរដ្ឋ និងឯកជន អាចទទួលបានដំណឹងនៃការតម្លើងប្រាក់ខែ ផ្តល់ជូនឋានៈតួនាទី និងឳកាសអភិវឌ្ឍន៍វិជ្ជាជីវផងដែរ។ ប៉ុន្តែលោកអ្នកមិនអាចប្រងើយកន្តើយ ហើយបណ្តោយឲ្យស្ថានភាពទាំងឡាយកើតឡើងទៅតាមធម្មជាតិនោះទេ ចូរខំតខំប្រឹងប្រែង ពិសេសចាត់ចែងពេលវេលាឲ្យបានល្អ។ ក្នុងនោះកុំភ្លេចកែប្រែការតុបតែងខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការនានារបស់អ្នកមានដំណើរការល្អ ទទួលបានអ្នកគាំទ្រច្រើន។ ថ្ងៃនេះអ្នកទទួលបានអំណោយផលនៃគំនិតវិជ្ជមាន ដូច្នេះវាមនាភាពងាយស្រួលដល់អ្នកដើម្បីពិភាក្សា បញ្ចុះបញ្ចូល និងកែលម្អភាពអាក្រក់ទាំងឡាយឲ្យមកប្រសើរវិញបាន។ ក្នុងនោះ ទំនាក់ទំនងផ្ទាល់ខ្លួនក៏អាចនឹងទទួលបានដំណឹងរីករាយផងដែរ។ ដោយឡែក សូមបោះបង់ភាពឆេវឆាវដូចភ្លើងចំបើងរបស់អ្នក ពីព្រោះវាគ្មានប្រយោជន៍អ្វី ក្រៅពីការសោកស្តាយនោះទេ។ ចូររក្សាចិត្ត បង្ហាញក្តីស្រលាញ់ជាមួយមនុស្សក្រុមការងារ នោះជីវិតរបស់អ្នកនឹងប្រសើរណាស់ក្នុងថ្ងៃនេះ។
សំគាល់៖
ថ្ងៃនេះឆ្នាំទាំង៣ ឆ្លូវ ម្សាញ់ ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពរីករាយ លុយកាក់ តួនាទីការងារ និងការគាំទ្រពីមនុស្សនៅជុំវិញខ្លួនណាស។