អភិបាលខេត្តសៀមរាប ចុះពិនិត្យសួរសុខទុក្ខក្រុមអាជីវករ មកពីផ្សារលើធំថ្មី ដែលលក់ដូរនៅផ្លូវ៦០ម៉ែត្រ
អស់រយៈពេលជាងមួយខែ ក្នុងការបិទខ្ទប់ផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ដើមី្បក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ នៃព្រឹត្តិការណ៍ ២០កុម្ភះ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទបានអញ្ជើញ ចុះត្រួតពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន និង សាកសួរសុខទុក្ខ បងប្អូនអាជីវករលក់បន្លែ ត្រីសាច់ ដែលមកពីផ្សារលើធំថ្មី បានកំពុងតែធ្វើការលក់ដូរនៅផ្សារបណ្តោះអាសន្ន ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខាងមុខផ្សារផាមកុងទីន័រ ក្នុងភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ បញ្ជាក់ថា នេះគឺជាវិធានការដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍ ទើបរដ្ឋបាលខេត្ត បន្តលើកការបិទខ្ទប់ជាបណ្តោះអាសន្នបន្តទៀតនៅផ្សារលើធំថ្មី ។ ក្នុងនោះដែរ ឯកឧត្តមក៍ធ្វើបានអំពាវនាវផងដែរថា ទោះបីបងប្អូនអាជិវករយើងបានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដបានគ្រប់ដូសហើយក្តី ក៏ត្រូវបងប្អូនអាជីវករដែលលក់បណ្ដោះអាសន្ននៅផ្លូវ ៦០ ម៉ែត្រទាំងអស់ ក៏ត្រូវបន្តអនុវត្តវិធានាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថា ជម្ងឺកូវិដ មិនបានរើសអើងមនុស្សជាតិសាសន៍គ្រប់វ័យនោះឡើយ គឺ ត្រូវរក្សាគម្លាត សុវត្ថិភាព និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងលាងដៃនិងសាប៊ូ ,អាល់កុល ឬ ជែល ។ ក្នុងនោះដែរបងប្អូនអាជីវករបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាប ដែលបាន ផ្តល់ទីកន្លែងបណ្តោះអាសន្នសម្រាប់ពួកគាត់ ប្រកបការលក់ដូរបានចំណូល ដើមី្បដោះស្រាយជីវភាពក្នុងក្រុមគ្រួសារនៅក្នុងបរិបទជម្ងឺកូវិដ១៩នេះ សំខាន់ក្នុងការដោះទុក្ខលំបាកនៃបំណុលធនាគារទៀតផង ។ ក្នុងនោះដែរបងប្អូនអាជីវករ ក៏បានសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត និង សាលាក្រុង ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបផលលំបាកក្នុងបរិបទកូវិដ នេះ សូមឲ្យធនាគារមានការបន្ធូ បន្ថយដល់ពួកគាត់ជាកូនបំណុលផង ពិសេសក្នុងពេលបិទខ្ទប់ផ្សារមានរយៈពេលវែង ដែលធ្វើឲ្យពួកគាត់កាន់តែជួបនូវផលលំបាក ក្នុងការរកចំណូលយកទៅបង់ឲ្យធនាគារទៀតផង ៕ ម៉ី សុខារិទ្ធ