សហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ឯកភាពគ្នាលើបទឈប់បាញ់រយៈពេលមួយសប្តាហ៍នៅអាហ្វហ្គានីស្ថាន

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក និង ពួកតាលីបង់បានព្រមព្រៀងគ្នាចំពោះបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដែលនឹងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីអាហ្វហ្គានីស្ថាន និង បញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំ ប្រសិនបើជោគជ័យ ។

មន្ត្រីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់ការកាត់បន្ថយអំពើហិង្សារយៈពេល០៧ថ្ងៃនេះ គឺ “ជាក់លាក់ណាស់” ហើយគ្របដណ្តប់លើប្រទេសទាំងមូល រួមទាំងកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានផងដែរ ។ ប្រភពបន្តថា ពួកតាលីបង់បានប្តេជ្ញាបញ្ឈប់ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវ និង គ្រាប់បែកអត្តឃាត ក៏ដូចជាការវាយប្រហារដោយគ្រាប់រ៉ុក្កែត ហើយបើសិនពួកតាលីបង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និង ក្រុមនេះ នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល១០ថ្ងៃទៀត ។

បទឈប់បាញ់ខាងលើ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយពេលយូរបំផុតរបស់សហរដ្ឋអាម៉េរិក និងបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីជម្លោះនៅបរទេស ប៉ុន្តែក្តីសង្ឃឹមសម្រាប់សន្តិភាពពិតប្រាកដ និង យូរអង្វែងនៅតែមិនប្រាកដប្រជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner