រដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាម៉េរិកនិយាយថា សារលើបណ្តាញសង្គមរបស់លោក ដូណាល់ ត្រាំ ជាមូលហេតុធ្វើឲ្យលោកមិនអាចបំពេញការងារបាន

សហរដ្ឋអាម៉េរិក៖ សារនៅលើបណ្តាញសង្គម Twitter  របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធជាមួយនឹងក្រសួងយុត្តិធម៌, បុគ្គលិករបស់ក្រសួង និងករណីនានារបស់ក្រសួង ធ្វើមិនឲ្យលោកអាចបំពេញការងារបាន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាម៉េរិកលោក William Barr ។

ការថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះរបស់លោក William Barr ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងយុត្តិធម៌អាម៉េរិកបានបដិសេធការណែនាំរបស់ក្រុមរដ្ឋអាជ្ញារបស់ក្រសួង និងបានស្នើឲ្យកាត់ទោសដាក់ពន្ធនាគារតិចជាងមុនដល់លោក Roger Stone ដែលជាមិត្តភ័ក្តិយូរឆ្នាំរបស់លោក ដូណាល់ ត្រាំ ក្រោមបទចោទថា បាននិយាយកុហកសភា រំខានដល់សាក្សី និង រារាំងដំណើរការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក ។

សូមបញ្ជាក់ថា លោក ត្រាំ កន្លងមកបានរិះគន់ថា សំណើកាត់ទោសលោក Stone ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ៩ឆ្នាំគឺជារឿងមិនសមរម្យ និងអយុត្តិធម៌ ។ ប៉ុន្មានម៉ោងក្រោយមក មានការសម្រេចស្នើទៅតុលាការឲ្យបន្ថយទោសលោក Stone ។ នេះគឺជាករណីកម្របំផុត ដែលក្រសួងយុត្តិធម៌បដិសេធមិនព្រមទទួលយកសំណើពីក្រុមរដ្ឋអាជ្ញារបស់ខ្លួននៅក្នុងរឿងក្តីព្រហ្មទណ្ឌដូចនេះ ។ រដ្ឋអាជ្ញា៤នាក់នៅក្នុងរឿងក្តីរបស់លោក Stone បានដកខ្លួនចេញពីសំណុំរឿង ដោយរួមទាំងរដ្ឋអាជ្ញាម្នាក់បានលាលែងចេញពីតំណែងផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner