ប្រជាពលរដ្ឋជាង៨លាន១សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៨សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល៨ថ្ងៃចាក់បាន២៧ម៉ឺន៩ពាន់៧៧នាក់ ស្មើនឹង១៤,១៩%នៃអ្នកត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន២ម៉ឺន៧ពាន់៣១១នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥០,៩៥% បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង គឺបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧៨,៧៣%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង១០លាននាក់។


