ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនចម្រុះជាង១៦គីឡូក្រាម ក្នុងខុនដូមួយកន្លែង កណ្តាលរាជធានីភ្នំពេញ

          នគរបាលរាជធានីភ្នំពេញ បំបែកសំណុំរឿងទីតាំងលួចផលិត កែច្នៃ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងខុនដូមួយកន្លែងកណ្តាលរាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ ដកហូតវត្ថុតាងគ្រឿងញៀនចម្រុះជាង១៦គីឡូក្រាម។ ការចុះបង្រ្កាបគ្រឿងញៀននេះក្រោមការដឹកនាំអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំ      ពេញ។

          លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចំការមន បានល្បាតត្រួតពិនិត្យ នៅចំណុចផ្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈនោះក៏ជួបប្រទះបុរសម្នាក់ជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង នៅពេលនោះកម្លាំងនគរបាលមានការសង្ស័យក៏ហៅឱ្យឈប់ ហើយសាកសួរនិងឆែកឆេរ ក៏បានឃើញថ្នាំញៀនម្សៅពណ៌សម៉ត់០៥កញ្ចប់ ដែលលាក់ក្នុងកាបូបស្ពាយ សមត្ថកិច្ចបានដកហូត និងនាំខ្លួនជនសង្ស័យឈ្មោះ   ហ្វ័ង ស៊ីឡុង ភេទប្រុស​អាយុ២១ឆ្នាំ មកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។

          លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច បន្តទៀតថា ក្រោយពីសមត្ថកិច្ចបានសាកសួរជនសង្ស័យនេះហើយ ក៏មានតម្រុយក្នុងការបន្តទៅឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យនៅកន្លែងផ្សេងទៀត ដើម្បីស្វែងរកគ្រឿងញៀនបន្ថែម ខណៈនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាទៅការិយាល័យជំនាញគ្រឿងញៀនចុះទៅសហការជាមួយនគរបាលខណ្ឌចំការមន ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ជនសង្ស័យក្នុងសណ្ឋាគារ វី បូទិក ស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ប៉ុន្តែរកឃើញលិខិតឆ្លងដែនរបស់ជនសង្ស័យ០១ច្បាប់ប៉ុណ្ណោះ។ ក្រោយមកមកម្លាំងសមត្ថកិច្ចក៏មានពន្លឺថែមទៀតក្នុងករណីគ្រឿងញៀននេះ ហើយក៏បានចេញទៅសហការជាមួយនគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកកន្លែងស្នាក់នៅរបស់ជនសង្ស័យមួយកន្លែងទៀត នៅក្នុងខុនដូ លំនៅឋានអឹលបឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំង សមត្ថកិច្ចចូលឆែកឆេរត្រួតពិនិត្យ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យក៏បានប្រទះឃើញឧបករណ៍សម្ភារៈជាច្រើនសម្រាប់ផលិត កែច្នៃ គ្រឿងញៀន និងវត្ថុតាងធាតុផ្សំរួមនឹងគ្រឿងញៀនចម្រុះជាច្រើនប្រភេទសរុបជាង១៦គីឡូក្រាម ។

          លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនជនជាតិចិននេះ ទើបចូលមកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រមាណ១០ខែប៉ុណ្ណោះ ជននេះជាអ្នកចាត់ចែងគ្រប់គ្រង នឹងដឹកជញ្ជូនគ្រឿងញៀនទៅឱ្យអតិថិជនរបស់ខ្លួនតាមរយៈភ្ញៀវកំម៉ង់ទិញអីវ៉ាន់។ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការចាត់ការតាមផ្លូវច្បាប់។

          សូមបញ្ជាក់ថា រាជធានីភ្នំពេញក្នុងអំឡុងថ្ងៃទី២១ និង២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្រ្កាបទីតាំងផលិត កែច្នៃ និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជាបន្តបន្ទាប់នៅខណ្ឌសែនសុខ០១កន្លែង  នៅខណ្ឌប្ញស្សីកែវ០៣កន្លែង និងខណ្ឌច្បារអំពៅ ចំនួន០១កន្លែង សរុបចំនួន០៥ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម និងជនជាតិខ្មែរ០៧នាក់ រួមនិងវត្ថុតាងគ្រឿងញៀន ឧបករណ៍សម្ភារៈ ផលិតកែច្នៃ គ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner