សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះវ៉ាក់សាំងអាស្ត្រាហ្សេនីកាសម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។
ប្រមុខការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខាមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថាមានហានិភ័យ គឺយើងបានជំរុញដូសទី៣ គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង គឺបានមួយកម្រិតទៀត សំខាន់បំផុតបើមានការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។ ក្នុងពេលដែរ ក៏យើងឃើញថា អ្នកដែលទទួលវ៉ាក់សាំង ប្រជាជនក៏មិនទាន់ទទួលងស់ក៏ដោយ ក៏ប៉ុន្តែអ្នកមួយចំនួនដែលឃើញថាមានហានិភ័យត្រូវបំពេញការងារជួយទៅដល់ប្រជាជន។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ កាន់តែមានភាពកក់ក្តៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕
ដោយៈពលជ័យ