សិស្ស១២នាក់ នៅអនុវិទ្យាល័យ ជាស្មន់ឃុំ ខេត្តសៀមរាប បានពុលនំប៉័ង
ខេត្តសៀមរាប៖ សិស្ស១២នាក់ នៅសាលាអនុវិទ្យាល័យ ជាស្មន់ឃុំ បាន ពុលនំប៉័ង បន្ទាប់ពីពួកគេបានទិញ មកបរិភោគ។ ហេតុការណ៍បានកើតឡើង ត្រូវនឹងថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២០នេះវេលាម៉ោង៩និង៣០នាទីព្រឹក នៅសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថាសិស្សទាំង១២នាក់ ភេទស្រីទាំងអស់បានទិញនំប៉័ងញ៉ាំ បន្ទាប់មក មានអាការះក្អួតចង្អោរ។ ក្រោយមានការហេតុការណ៍បែបនេះ ក្រុមសមត្ថកិច្ចបានបញ្ជូន ទៅសង្គ្រោះមណ្ឌលសុខភាពមានជ័យ ភ្លាមៗផងដែរ។ របាយការណ៍បានបង្ហាញថាអ្នកលក់នំប៉័ងឈ្មោះ អ៊ី សីហា ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដោយគាត់បានទិញមកពីផ្សាររលួសមកលក់បន្ត។

ជុំវិញករណីនេះលោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានថ្លែងបញ្ជាក់តាមទូរស័ព្ទនៅមុននេះបន្តិចថា ករណីសិស្សទាំង១២នាក់ បានញាំនំប៉័ង ហើយពុលនោះ គិតត្រឹមម៉ោង៧និង៣០នាទីយប់នេះ គឺបានវិលត្រឡប់ទៅផ្ទះវិញចំនួន១០នាក់ហើយ នៅសល់តែ២នាក់ប៉ុណ្ណោះ។ ពីរនាក់កំពុងព្យួរសារ៉ូម ប៉ុន្តែធូហើយ នៅពេលអស់សារ៉ូម ពួកគាត់អាចត្រឡប់ទៅផ្ទះវិញផងដែរ។

លោក សូ ប្លាតុង បន្តថា ការដែលពុលនំប៉័ង លោកសន្និដ្ឋានថា អាចបណ្ដាលមកពី នំប៉័ងនោះ ខ្វះអនាម័យ គួបផ្សំនឹងអាកាសធាតុក្ដៅផងដែរ ទើបបណ្ដាលឲ្យពុលបែបនេះ។ បើតាមលោក សូ ប្លាតុង ស្ត្រីអ្នកលក់នំប៉័ង ខាងលើ ចំណាត់ការរបស់សមត្ថកិច្ច គឺបានអបរំណែនាំ ដោយលក់ដូរត្រូវមានអនាម័យ។ ជាមួយគ្នានេះ លោកអភិបាលស្រុក អំពាវនាវ ដល់មាតាបិតាអាណាព្យាបាលសិស្ស ត្រូវណែនាំដល់កូនៗ កុំឲ្យទិញ នំចំណីរណា ដែលមិនមានអនាម័យ៕

