មន្ត្រីយោធាអង្គភាពវរសេនាតូច៣៨៥ម្នាក់បានផ្ទុះគ្រាប់មីន ស្លាប់ ខណៈពេលដើរល្បាតតាមបណ្តោយខ្សែត្រៀមជួរមុខកម្ពុជា-ថៃទិសប្រាសាទព្រះវិហារ!
ព្រះវិហារ៖ គ្រាប់មីនចាស់សល់ពីសម័យសង្គ្រាម បានផ្តាច់យកជីវិតមន្ត្រីយោធាម្នាក់ ដែលបម្រើការងារនៅក្នុងអង្គភាព វរសេនាតូច៣៨៥ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ខណៈពេលកំពុងបំពេញការងារ ចុះល្បាតតាមភូមិសាស្ត្រខ្សែត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងទឹសទី១ប្រាសាទព្រះវិហារ ។

ហេតុការណ៍ផ្ទះគ្រាប់មីននេះ បានកើតឡើងកាលពីវេលាម៉ោង១២.១០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រភ្នំ៣៩៨ ខាងត្បូងអន្លង់រាំងជើងភ្នំ៥០០ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកអនុសេនីយ៍ទោ ស៊ឹម ស៊ុន មេបញ្ជាការកងអនុសេនាតូច២ កងអនុសេនាធំទី៣ បានបញ្ជាក់ថា នៅមុនពេលហេតុការណ៍កើតឡើង លោកបានដឹកនាំកម្លាំងចំនួន៤នាក់ ដោយសហការជាមួយកម្លាំងនគរបាលអង្គភាពវរសេនាតូចលេខ១០៥ ចេញល្បាតតាមចំណុចខ្សែត្រៀមជួរមុខកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភ្នំ៣៩៨ លុះត្រឡប់មកវិញជិតដល់ទីតាំង ជនរងគ្រោះសុំដើកាត់មកកាន់កន្លែងមុន ក្រោយពីធ្វើដំណើរចេញពីផ្លូវល្បាតបានប្រវែង៥០ម៉ែត្រ ជនរងគ្រោះក៏បានជាន់លើគ្រាប់មីនចាស់ ដែលសេះសល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកអនុសេនីយ៍ទោ ស៊ឹម ស៊ុន ក៏បានឲ្យដឹងដែរថា មន្ត្រីយោធាដែលរងគ្រោះមានឈ្មោះព្រិន្ទបាលឯក ជិត ហាត់ មេក្រុមកងអនុសេនាធំទី៣ ក្នុងអង្គភាពវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ។

លោកថាបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានអង្គភាពដឹកនាំយកមករៀបចំធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ទៅតាមប្រពៃណី នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងកងកម្លាំង នៃបណ្ដាអង្គភាពចំណុះទូទាំងកងពលតូចអន្តរាគមន៍លេខ៨៕ សួនលីណា
