បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ នូវការគិតគូរយកចិត្តទុកដាក់ របស់លោកអភិបាលស្រុក តាំងគោក
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជន បានចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅគេហដ្ឋានចំនួន១០គ្រួសារ នៅឃុំទ្រៀល ឃុំច្រនាង ឃុំស្វាយភ្លើង និងឃុំសូយោង ស្រុកតាំងគោក បន្ទាប់ពីបានផ្លាស់ប្តូរពីកន្លែងមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញ ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែសីហា ២០២១ ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោក តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកក៏ថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក ទាំងថវិកា និងកម្លាំងកាយដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោកអភិបាលស្រុក ស្នើអោយបងប្អូនមេត្តាអត់ធ្មត់ និងយោគយល់សហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីបន្តធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯងឲ្យបានត្រឹមត្រូវ ករណីមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរតាមលេខទូរស័ព្ទ ដើម្បីអោយក្រុមគ្រូពេទ្យចុះមកពិនិត្យសុខភាព ហើយត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារ ជាប្រចាំ ។ លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថាការប្តូរមកធ្វើចត្តាឡីស័ក នៅគេហដ្ឋាន គឺដោយសារស្រុកត្រៀមដាក់ពលករដែលចំណាស្រុកពីប្រទេសថៃ ធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយក រដ្ឋ ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយនឹងការយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកតាំងគោក បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម នឹងថ្លែងអំណរគុណលោក ហាក់ ម៉ុងហួត អភិបាលស្រុក ដែលតែងតែគិតគូ បងប្អូនដែលស្នាក់នៅ ក្នុងមណ្ឌលចត្តាឡីស័ក គឺមានអាហារ៣ពេល ផ្គត់ផ្គង់ម៉ាស់ អាល់កុល ព្រមទាំងសម្ភារជាច្រើនទៀត ហើយពេលនេះ លោកអភិបាល ក៏បានមកសួរសុខទុក្ខដល់គេហដ្ឋានទៀត ៕










