ពលករខ្មែរប្រមាណ២០នាក់ ដែលចាញ់បោកមេខ្យល់ត្រូវបានគេដឹកមកទម្លាក់ចោល
ភ្នំពេញៈ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ម៉ោងប្រមាណ០៨:៣០ នាទីយប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។

ឯកឧត្តម កុយ គួង
ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជា ក្នុងការគ្រប់គ្រង និងផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។ ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ធ និងម៉ាស ផ្តល់ជូនពួកគាត់សម្រាប់ប្រើប្រាស់ ទទួលទាន និងស្នាក់នៅបណ្តោះអាសន្ន រង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕
ដោយៈពលជ័យ


