ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេម នៅហ្វីលីពីន សម្រាប់ការចូលរួមប្រជែងមេដាយ នៅវៀតណាម
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់អ្នកយកព័ត៌មានកីឡាឲ្យដឹង ក្នុងពិធីប្រគល់ស្បែកជើងហ្វឹកហាត់ដល់សហព័ន្ធកីឡាចំបាប់ កាលពីពេលថ្មីៗនេះថា ការចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ប្រភេទកីឡាចំបាប់កម្ពុជា រំពឹងរក្សាបានត្រឹមកំណត់ត្រាមេដាយប្រជែងបានពីស៊ីហ្គេម នៅប្រទេសហ្វីលីពីនប៉ុណ្ណោះ ។
មូលហេតុដែលលោក ដាក់ក្តីរំពឹងបែបនេះ ដោយសាតែស្ថានភាពជំងឺកូវីដ១៩ ក្លាយជាបញ្ហាប្រឈមចំពោះកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា។
អនុប្រធានខាងលើ ពន្យល់ថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ មិនបង្កលក្ខណៈឲ្យជម្រើសជាតិយើងបានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងជំរុំ នៅឡើយទេ ពោលត្រូមហ្វឹកហាត់តាមកម្មវិធីហ្សូមប៉ុណ្ណោះ ។ ការហ្វឹកហាត់ដោយខ្លួនឯងបែបនេះ វាមិនមានគុណភាព ដូចការហ្វឹកនៅក្នុងជំរុំមានគ្រូបង្ហាត់បង្រៀនផ្ទាល់នោះឡើយ ។ ប៉ុន្តែការពន្យាពេលនៅរបស់វៀតណាម ក៏ជាឱកាសធ្វើឲ្យអត្តពលិកកីឡាចំបាប់យើងមានពេលវេលាហ្វឹកហាត់បានយូគ្រាន់បើដែរ ។ ហើយយើងបានជួលគ្រូជនជនអឺរ៉ង់មកបង្ហាត់ពង្រឹងសមត្ថភាពបន្ថែម និងបញ្ជូនអត្តពលិកមានសក្កានុពលទៅហ្វឹកហាត់ នៅប្រទេសចិនចំនួន១០រូប ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីស៊ីហ្គេម នៅប្រទេសវៀតណាម ។
អនុប្រធានរូបនេះ រំពឹងជឿជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាចំបាប់ នឹងក្រសោបមេដាយជូនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឲ្យបានប្រហាក់ប្រហែលស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ឬក៏លើសនេះទៅទៀត ។

សូមបញ្ជាក់ថា កីឡាចំបាប់បានខកខានក្នុងការចូលរួមប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចំនួ២លើករួចមកហើយ ស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី និងឆ្នាំ២០១៩ ស៊ីហ្គេម នៅប្រទេសហ្វីលីពីនដណ្តើមបានមេដាយសំរិទ្ធ៤គ្រឿង ។
គួររំលឹកថា ស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១១គ្រឿង ក្នុងនោះមេដាយមាសចំនួន៤គ្រឿង ៕









