ក្រសួងទេសចរណ៍បានបើសិក្ខាសាលាស្តីពី ” បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍”
(កំពង់ ស្ពឺ )៖ ព្រឹក ថ្ងៃ អង្គារ ៣រោច ខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ សិក្ខាសាលា និង ពិធី ចែក ពាន ” បរិស្ថាន គ្មាន ផ្សែងបារី ក្នុង វិស័យ ទេសចរណ៍ ” ក្រោម ធិបតី ភាព ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ និង ឯកឧត្ដម សុខ ភា អភិបាល រង ខេត្ត កំពង់ ស្ពឺ។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីនេះ បានរៀបចំជាច្រើនលើកមកហើយ ក្នុងទឹកដីខេត្តកំពង់ស្ពឺ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ កម្មវិធីនៅថ្ងៃនេះ ក៏មានពិធីចែកពាន បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក ។
ឯកឧត្តមបន្ដថា នៅក្នុងសប្តាហ៍ទី២ នៃខែ កុម្ភៈ នេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងអង្គការដៃគូ បានជួបប្រជុំជាមួយរដ្ឋបាលខេត្ត កំពង់ ស្ពឺ ដែលមាន ឯកឧត្តម សុខ ភា អភិបាលរងខេត្ត លោក សៅ សារ៉ន ប្រធាន មន្ទីរ ទេសចរណ៍ និងមន្ទីរ ពាក់ព័ន្ធជុំវិញខេត្តផងដែរ និងបានឯកភាពគ្នាខិតខំជំរុញរបស់ ខេត្ត កំពង់ ស្ពឺ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅឆ្នាំ២០២០ នេះផងដែរ ។
ឯកឧត្តម ហោ សារុន បានគូសបញ្ជាក់ទៀតថា ក្រុមការងារ ក៏បានចុះត្រួតពិនិត្យវាយតម្លៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្ត កំពង់ ស្ពឺ នេះ ហើយជាលទ្ធផលរកឃើញសណ្ឋាគារ និង ផ្ទះ សំណាក់ ចំនួន ១០កន្លែង និងភោជនីយដ្ឋាន ១០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ។
ជាមួយគ្នានោះ ឯកឧត្តម បានបញ្ជាក់ថា ការជ្រើសរើសវាយតម្លៃ ផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរ ដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្រោមច្បាប់ រួមមាន៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ -ល- ។
ឯកឧត្តម បន្ដថា ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផល ថ្នាំជក់ធម្មតា បានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញឬលក់ តែផលិតផលថ្នាំជក់ណា ដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ ៥៥ភាគរយ បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំង២ នៃកញ្ចប់ផលិតផលថ្នាំជក់ ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងថា វិធានការចម្បង ២ ដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារី ប្រកាន់យកគឺ៖ វិធានការអប់រំ និងវិធានការរដ្ឋបាល ។
* វិធានការទី១៖ គឺវិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់ គោរពអនុវត្តតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។
ក្រោមឆ័ត្រនៃច្បាប់នេះ មានអនុក្រឹត្យស្តីពី ការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់, អនុក្រឹត្យស្តីពី វិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងប្រកាសផ្សេងៗថែមទៀត។
ក្រសួងទេសចរណ៍ ក៏បានរៀបចំសៀវភៅណែនាំ ស្តីពី បរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងប្រទេសកម្ពុជា លេខ០០៧សណន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចែកជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ឲ្យបានជ្រួតជ្រាប និងយល់ដឹងគោរពទៅតាមការណែនាំនេះ ឲ្យបានល្អប្រសើរ។
* វិធានការទី២៖ ដែលនឹងត្រូវអនុវត្ត បន្តជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គល អ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យគេជក់ នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំជក់ ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារី ដែលនាំនិងលក់ផលិតផលថ្នាំជក់ គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់ -ល-។









ឯកឧត្តម ហោ សារុន បញ្ជាក់ថា ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាល ដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ផងដែរ ៕