កូរ៉េខាងជើងនៅតែមានឆន្ទៈក្នុងការផលិតអាវុធមីស៊ីល ទោះរងទណ្ឌកម្មជុំទិស គួបផ្សំជាមួយវិបត្តិមនុស្សធម៌
ជាច្រើនឆ្នាំមកហើយ ប្រទេសកូរ៉េខាងជើងបានរងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់ប្រទេសធំៗនានាដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយកាន់តែខ្លាំងទៅទៀតនោះគឺ ទណ្ឌកម្មដាក់ចេញដោយអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើងជាច្រើនយល់ថា ទណ្ឌកម្មនេះហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ខណៈថ្នាក់ដឹកនាំប្រទេសនេះនៅតែចិញ្ចឹមចិត្តក្នុងការផលិតអាវុធនុយក្លេអ៊ែរជារឿយៗ។
អង្គការសហប្រជាជាតិតាមរយៈស្ថាប័នក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្មក្នុងការហាមប្រាមមិនឱ្យមានការនាំចូលអាវុធទៅកាន់ប្រទេសកូរ៉េកុម្មុយនិស្តនេះតាំងពីឆ្នាំ២០០៦មក ប៉ុន្តែទើបតែមកដល់ឆ្នាំ២០១៧នេះទេ ទើបមានការដាក់ទណ្ឌកម្មក្នុងទ្រង់ទ្រាយធំមួយ ដែលដាក់បម្រាមមិនឱ្យមានការនាំចូលទំនិញជាច្រើនទៅកាន់ប្រទេសកូរ៉េខាងត្បូង តម្រូវឱ្យពលករ និងពលរដ្ឋកូរ៉េខាងជើងដែលធ្វើការនៅក្រៅប្រទេសត្រលប់ទៅស្រុកវិញ ហើយព្រមទាំងដាក់ទណ្ឌកម្មទៅមន្ត្រីៗកូរ៉េខាងជើងទៀតផង។
បន្ថែមពីលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើកូរ៉េខាងជើងតាមរយៈការបង្កើតច្បាប់ជាបន្តបន្ទាប់នៅក្នុងសភាអាមេរិក ហើយអ្វីដែលខ្លាំងជាងគេនោះគឺ «យុទ្ធនាការដាក់សម្ពាធជាអតិបរមា» របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៧។ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកនៅពេលនោះបានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានជម្រើសក្នុងការរកស៊ីជាមួយអាមេរិក ឬ ជាមួយកូរ៉េខាងជើង តែមិនអាចរកស៊ីជាមួយប្រទេសទាំងពីរទេ។
គ្រប់ទណ្ឌកម្មទាំងអស់ទៅលើប្រទេសកូរ៉េខាងជើងគឺធ្វើឡើងក្រោមមូលហេតុចម្បងធំមួយគឺ ប្រទេសនេះផលិត និងធ្វើតេស្តអាវុធមីស៊ីលបាលីស្ទិក និងជាពិសេសគឺ អាវុធប្រល័យលោកនុយក្លេអ៊ែរ។ ទណ្ឌកម្មទាំងអស់នេះត្រូវបានដាក់ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ច ដែលធ្វើយ៉ាងណាឱ្យប្រទេសកូរ៉េខាងជើងដកថយក្នុងការផលិតអាវុធទាំងអស់នោះ ហើយចូលរួមក្នុងការចរចាណាមួយក្នុងគោលបំណងរក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិកនៅក្នុងជំនាន់លោក ដូណាល់ ត្រាំ បានធ្វើការចរចាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងពាក់ព័ន្ធនឹងរឿងនេះ។ លោក ត្រាំ បានចូលជួបជាមួយលោក គីម ជុងអ៊ុន ពីរដងនៅតំបន់អាស៊ីអាគ្នេយ៍ តែបរាជ័យនៅវៀតណាមកាលពីឆ្នាំ២០១៩ ដោយនិយាយមិនត្រូវគ្នាថា តើការដាក់ទណ្ឌកម្មគួរលើកលែងត្រឹមកម្រិតណា ហើយការរំសាយអាវុធនុយក្លេអ៊ែរត្រូវធ្វើនៅកម្រិតណា។ មេដឹកនាំទាំងពីរបានជួបគ្នាម្ដងទៀតនៅខែមិថុនា ឆ្នាំដដែលនៅព្រំប្រទល់កូរ៉េខាងត្បូង និងកូរ៉េខាងជើង តែមិនមានលទ្ធផលដុំកំភួនណាមួយឡើយនៅពេលនោះ។
ទន្ទឹមនឹងពន្លឺនៃការចរចារវាងអាមេរិក និងកូរ៉េខាងជើង ហើយរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អ្នកវិភាគជាច្រើនយល់ថា ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅតែរកវិធីក្នុងការគេចចេញពីទណ្ឌកម្មទាំងអស់នោះ។
ខណៈអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មមិនឱ្យកូរ៉េខាងជើងបញ្ជូនពលករទៅក្រៅប្រទេស ដែលជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសនេះ មានការចោទប្រកាន់មួយចំនួនថា កូរ៉េខាងជើងធ្វើការលួចរូបិយប័ណ្ណគ្រីបតូ និងលុយតាមប្រព័ន្ធអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times អាមេរិកបានចោទប្រកាន់កូរ៉េខាងជើងក្នុងការលួចលុយប្រភេទនេះរហូតដល់ទៅ ១,៣ប៊ីលានដុល្លារឯណោះក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយ។ ក្រៅពីនេះក៏មានការចោទប្រកាន់ថា មានការលួចនាំលុយចូលកូរ៉េខាងជើង តាមរយៈស្ថានទូតបរទេសមួយចំនួន ។
បន្ថែមពីលើនេះទៀត ប្រជាជនសាមញ្ញនៅកូរ៉េខាងជើងនៅតែបន្តរងគ្រោះដោយសារតែ ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខណៈរយៈពេល ១៨ខែចុងក្រោយនេះ អាជ្ញាធរកូរ៉េខាងជើងបានបិទព្រំដែនមិនឱ្យធ្វើដំណើរ និងធ្វើពាណិជ្ជកម្ម ដែលជាការទប់ស្កាត់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត មានសេចក្ដីរាយការណ៍ពីកូរ៉េខាងជើងថា ប្រទេសនេះកំពុងតែជួបនូវកង្វះស្បៀងអាហារ ដោយសារតែជួបគ្រោះទឹកជំនន់កាលពីឆ្នាំមុន។
លោកស្រី Rachel Lee អតីតអ្នកវិភាគឱ្យអង្គភាពមួយស្ថិតក្រោមភ្នាក់ងារចារកម្មអាមេរិក CIA លើកឡើងប្រាប់ Financial Times ថា ប្រជាជនកូរ៉េខាងជើង និងគ្រួសារត្រកូលគីម ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ហាក់បីដូចជារស់នៅក្នុងពិភពលោកពីរផ្សេងគ្នាអញ្ចឹង។
ស្របពេលដែលការចរចានៅមិនទាន់មានភាពជាដុំកំភួន ហើយថ្នាក់ដឹកនាំកូរ៉េខាងជើងនៅតែរិះរកវិធីរកចំណូលតាមរយៈរូបភាពមិនសមស្របណាមួយ កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក នៅដើមពាក់កណ្ដាលឆ្នាំ២០២១។
ក្នុងរបាយការណ៍សម្ងាត់ដាក់ជូនអង្គការសហប្រជាជាតិ ដោយក្រុមអ្នកជំនាញពិនិត្យតាមដានការដាក់ទណ្ឌកម្មទាំងអស់នេះបានឱ្យដឹងថា រដ្ឋាភិបាលព្យុងយ៉ាងនៅតែបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីផលិតអាវុធប្រល័យលោក នៅឯក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់ Reuters។
មិនទាន់មានការសិក្សាផ្លូវការណាមួយ ដែលបញ្ជាក់ថា មូលហេតុអ្វីដែលកូរ៉េខាងជើងបន្តរកផ្លូវគេចចេញពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានទេ។
យ៉ាងណាមិញ បើតាមការអះអាងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក Alex Wong អតីតឧបការីរងក្រសួងការបរទេសសម្រាប់កិច្ចការកូរ៉េខាងជើង ចម្លើយសម្រាប់ចម្ងល់ខាងលើនោះគឺ ចិនជាអ្នកនៅពីក្រោយ។ លោកអះអាងថា ចិននៅតែបន្តឱ្យកូរ៉េខាងជើងបញ្ជូនពលករខ្លួនមកធ្វើការ ហើយបន្ថែមពីលើនេះ ចិនក៏បានបញ្ជូនទំនិញហាមឃាត់ផ្សេងៗទៅកាន់កូរ៉េខាងជើងផងដែរ។ ខាងចិនជាច្រើនដងបានបដិសេធលើការចោទប្រកាន់នេះ៕

ប្រភព៖ Reuters