អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២១

អត្ថបទដោយ៖
ធី ដា

កាលពីល្ងាចថ្ងៃទី១០ ខែសីហាឆ្នាំ ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន និងមន្ត្រីអមដំណើរជាច្រើនទៀតបានអញ្ជើញចុះពិនិត្យទិដ្ឋភាពក្នុងបរិវេណផ្សារលើក្រុងព្រះសីហនុ ដើម្បីអនុញ្ញាតឲ្យបើកដំណើរការផ្សារនេះឡើងវិញបន្ទាប់ពីបានបិទចាប់តាំងពីពាក់កណ្ដាលខែមេសាឆ្នាំ២០២១ កន្លងទៅ។ ផ្សារលើក្រុងព្រះសីហនុ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២១នេះ។ ដោយឡែកផ្សារដទៃទៀតនឹងចុះពិនិត្យមើលជាក់ស្តែងនិងអនុវត្តតាមវិធានដូចគ្នានេះដែរដើម្បីឈានទៅបើកលក់ដូរបន្តបន្ទាប់គ្នានេះ។

ឯឧត្តម គួច ចំរើន បានស្នើសុំឲ្យអាជីវករទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អប្រសើរអនុវត្តតាមវិធានការណែនាំនានាដែលរដ្ឋបាលខេត្តបានដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងកូវីតដ១៩។ គួររំលឹកថារដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១ ចេញសេចក្តីណែនាំស្ដីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹងនេះអាជីវករដែលអនុញ្ញាតឲ្យចូលលក់ដូរបានលុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដងនិងកុមារឬទារកមិនត្រូវបានអនុញ្ញាតឱ្យនៅតាមតូបលក់ដូរឡើយ។អាជីវករទាំងអស់អស់ត្រូវយកសំណាករកមេរោគកូវីត១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រងផ្សារឬអាជ្ញាធរមូលដ្ឋាន។
នៅក្នុងផ្សារត្រូវថ្នាំអាកុលសម្លាប់មេរោគរាល់សប្តាហ៍។ ករណីមានបុគ្គលណាមានអាការៈសង្ស័យត្រូវសហការជាមួយក្រុមគ្រូពេទ្យដើម្បីយកសំណាកភ្លាម។ អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឱ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់និងរៀបចំដាក់អោយរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។

អ្នកមកទិញឥវ៉ាន់ឬអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឲ្យបាន១ ម៉ែត្រកន្លះពីគ្នា។ ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារ ម្ចាស់ផ្សារឬមន្ត្រីមានសមត្ថកិច្ចហើយត្រូវបានរកឃើញថាមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ១៩ នឹងត្រូវផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារឡើយ។ ចំណែកអ្នកគ្រប់គ្រងផ្សារឬម្ចាស់ផ្សារត្រូវធ្វើសំណើរមករដ្ឋបាលខេត្តព្រះសីហនុដើម្បីទទួលបានសេចក្តីសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញ។ ម្ចាស់ផ្សារត្រូវទទួលខុសត្រូវ និងធានាបាននូវការអនុវត្តការណែនាំនេះអោយមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរក្រុមការងាររដ្ឋបាលខេត្តត្រូវពិនិត្យវាយតម្លៃនិងសម្រេចលើពាក្យស្នើសុំរបស់អ្នកគ្រប់គ្រងផ្សារឬម្ចាស់ផ្សារក្នុងការអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញ។ អនុគណៈកម្មការរៀបចំគ្រប់ផ្សារត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុកដើម្បីពិនិត្យវាយតម្លៃទំនិញជៀសវាងកាលដាក់លក់ទំនិញលើសតម្លៃទីផ្សារហួសហេតុឬមានលក្ខណៈកេងចំណេញហួសហេតុ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner