ស្រណោះណាស់!! ម្ដាយនិងសាច់ញាតិមកទ្រហោយំយ៉ាងខ្លាំង ខណៈយុវជនវ័យ១៦ឆ្នាំម្នាក់លង់ទឹកស្រះលិចខ្លួនបាត់ ឯមិត្តភ័ក្ត២នាក់ទៀតសង្គ្រោះទាន់
ភ្នំពេញ ៖ យុវជន៦នាក់បាននាំគ្នាមកហែលទឹកស្រះលេងធ្វេីឲ្យម្នាក់លង់ទឹកលិចបាត់ និង២នាក់ទៀតក្នុងចំណោមពួកគេត្រូវបានសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អេីលដល់សាច់ញាតិ និងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅទឹកស្រះជម្រៅជាងប្រហែល១០ទៅ២០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនម្នាក់ដែលលិចខ្លួនបាត់ក្នុងទឹកស្រះមានឈ្មោះ ពៅ ម៉េងហ៊ាង អាយុ១៦ឆ្នាំ មុខរបបជាសិស្ស ។
បេីតាមសម្ដីយុវជនម្នាក់ឈ្មោះ ហ៊រ អាយុ១៦ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ពួកគេមានគ្នា៦នាក់ បានជិះម៉ូតូ៣គ្រឿងមកទីតាំងកន្លែងកេីតហេតុ ហេីយក៏នាំគ្នាចុះលេងទឹក ស្រះ ក្នុងនោះក៏មានយុវជន៣នាក់បានលង់ទឹក តែត្រូវបានអ្នកចេះហែលជួយសង្គ្រោះបាន២នាក់ រីឯជនរងគ្រោះក៏លិចខ្លួនបាត់សង្គ្រោះមិនទាន់ ទេីបមានការភ្ញាក់ផ្អេីលដល់សាច់ញាតិនិងសមត្ថកិច្ចចុះមកដល់កន្លែងតែម្ដង ។
ក្រោយមក ម្ដាយយុវនរងគ្រោះនិងសាច់ញាតិបានមកដល់កន្លែងកេីតហេតុ និងស្រែកទ្រហោយំ សោកស្ដាយជនរងគ្រោះជាខ្លាំង ព្រមទាំងពឹងពាក់អ្នកភូមិដែលចេះហែលទឹកជួយចុះទៅរាវរកដែរ តែរាវរកមិនឃេីញ ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសួរនាំទៅលេីយុវជនទាំង៥នាក់ដែលជាមិត្តភ័ក្តជនរងគ្រោះមកលេងទឹកជាមួយគ្នា ដេីម្បីធ្វេីកំណត់ហេតុផងដែរ ។ គួរបញ្ចាក់ថា យុវជនរងគ្រោះ ពៅ ម៉េងហ៊ាង ដែលលង់ទឹកលិចបាត់ក្នុងស្រះ នៅមិនទាន់រកឃេីញនៅទេ តាំងពីរសៀលម៉ោង៤ ថ្ងៃទី១១ សីហា ២០២១ ដល់ម៉ោង៦ និង២០នាទីល្ងាច ថ្ងៃដដែល ៕ ដោយ ៖ ជីម ភារ៉ា









