ខ្សែវីដេអូស៊ើបអង្កេតក្រោមចំណងជើងថា “បុរសដែលលក់បាល់ទាត់” ឬ “The Men Who Sell Football” របស់អង្គភាពស៊ើបអង្កេត Al Jazeera (I-Unit) បានគាស់កកាយពីភាពស្រពិចស្រពិលនៃភាពជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស

អត្ថបទដោយ៖
AMS OneMinute

ខ្សែវីដេអូស៊ើបអង្កេតក្រោមចំណងជើងថា “បុរសដែលលក់បាល់ទាត់” ឬ “The Men Who Sell Football” របស់អង្គភាពស៊ើបអង្កេត Al Jazeera (I-Unit) បានគាស់កកាយពីភាពស្រពិចស្រពិលនៃភាពជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស និងរបៀបដែលឧក្រិដ្ឋជនបានរំលោភបំពានច្បាប់ ដើម្បីបិទបាំងឧក្រិដ្ឋកម្មរបស់ខ្លួន។

ការស៊ើបអង្កេត បានបង្ហាញអំពីវិធីសាស្ដ្រដែលឧក្រិដ្ឋជនអាចលាក់លុយ និងអត្តសញ្ញាណរបស់ខ្លួន នៅពីក្រោយកិច្ចព្រមព្រៀងនៅក្រៅប្រទេស និងការបញ្ជូនរបាយការណ៍សវនកម្មក្លែងបន្លំទៅអាជ្ញាធរបាល់ទាត់អង់គ្លេស ព្រមទាំងប្រើ “ល្បិចកខ្វក់” ដើម្បីទទួលបានលិខិតឆ្លងដែនដែលមានឈ្មោះថ្មីផងដែរ។

លោក Christopher Samuelson គឺជាបុគ្គលគោលនៃការស៊ើបអង្កេតការលាងលុយកខ្វក់នៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ប៉ុន្តែលោកមិនដែលត្រូវបានចោទប្រកាន់នោះទេ។

លោកជាអ្នកគ្រប់គ្រងមូលនិធិនៃធុរៈកិច្ចផ្សេងៗ និងជាអ្នកបង្កើតកិច្ចព្រមព្រៀងបាល់ទាត់ដែលគេស្គាល់ថាជាគ្រូវេទមន្ត ឬ “The Magician”។

Samuelson មានជំនាញក្នុងការលាក់បាំងមូលនិធិដោយប្រើ Trust Accounts ឬការរៀបចំផ្លូវច្បាប់ឱ្យភាគីទីបីកាន់កាប់មូលនិធិ ឬទ្រព្យសម្បត្តិដើម្បីផលប្រយោជន៍ភាគីផ្សេងទៀត។

Samuelson គឺជាភ្នាក់ងារសម្រាប់ឧក្រិដ្ឋជនចិនមានទ្រព្យសម្បត្តិច្រើនមួយរូបឈ្មោះកាត់ថា “Mr X” ដែលធ្លាប់ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងជាប់ពន្ធគាររយៈពេល ៧ឆ្នាំ ចំពោះការសូកប៉ាន់ និងការលាងលុយ និងរត់ពន្ធប្រាក់ពីប្រទេសចិនតាមរយៈកាស៊ីណូនៅក្រុងម៉ាកាវ។

ប៉ុន្ដែមេធាវីរបស់លោក Samuelson បាននិយាយថា លោកមិនមានគេប្រាប់ថា Mr X ធ្លាប់ជាប់ទោសព្រហ្មទណ្ឌពីបទលាងលុយកខ្វក់ និងសូកប៉ាន់នោះទេ ហើយប្រសិនបើលោកដឹងពីឧក្រិដ្ឋកម្មណាមួយ លោកនឹងបញ្ចប់ការពិភាក្សាភ្លាមៗ។

ប្រភព៖ Al Jazeera

ads banner