អង់គ្លេសគ្រោងបង្កើតកំពង់ផែសេរីចំនួន ១០ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសខ្លួន បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប
អង់គ្លេស៖ អង់គ្លេសបានបង្ហាញពីបំណងចង់បង្កើតកំពង់ផែសេរីចំនួន ១០ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ក្រោយការចាកចេញពីសហភាពអឺរ៉ុប។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួនបានដាក់ដំណើរការពិគ្រោះយោបល់រយៈពេល១០សប្តាហ៍ ក្នុងគោលបំណងកំណត់ទីតាំងកំពង់ផែសេរីទាំងនេះនៅត្រឹមចុងឆ្នាំ២០២០ ខណៈអង់គ្លេសសង្ឃឹមថា កំពង់ផែទាំងនោះនឹងបើកប្រតិបត្តិការក្នុងឆ្នាំ ២០២១ខាងមុខ ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាប្រធានហិរញ្ញិកនៃក្រសួងរតនាគារអង់គ្លេសលោក Rishi Sunak បានថ្លែងថា កំពង់ផែសេរីនឹងបញ្ចេញសក្តានុពលក្នុងកំពង់ផែជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែលជំរុញ និង ស្តារសហគមន៍ឡើងវិញ ។ លោកបន្ថែមទៀតថា កំពង់ផែទាំងនេះ នឹងទាក់ទាញអាជីវកម្មថ្មីៗ ពង្រីកការងារ ការវិនិយោគ និងឱកាស ដែលប្រការនេះ គឺជាផ្នែកទាំងអស់នៃបេសកកម្មបើកចំហរបស់អង់គ្លេស ដោយសម្លឹងមើលទៅកាន់ក្រៅប្រទេសក្លាយជាអ្នកនាំមុខខាងផ្នែកពាណិជ្ជកម្មសេរីពិភពលោក ជាមួយនឹងកំពង់ផែសេរីដ៏រស់រវើកទាំងនេះ ។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មានរយៈពេលរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ៕ធ.ដ

