រាជដ្ឋាភិបាលសម្រេចលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង

លិខិតចេញពីទីស្ដីការគណៈរដ្ឋមន្រ្តី បានផ្ញើទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តសៀមរាប ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង។ យោងតាមលិខិតចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា កន្លងមក ដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

ជាមួយគ្នានេះ គណៈរដ្ឋមន្រ្តី បានបង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។

លោក លី សំរិទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តបានទទួលលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ គឺយើងនៅរងចាំតែការអនុវត្តប៉ុណ្ណោះ ប៉ុន្តែថាតើយើងត្រូវការអនុវត្តនៅពេលណា ឬថ្ងៃណានោះមិនទាន់កំណត់បានឡើយ។ លោក បានបន្តទៀតថា លោកសុំមិនធ្វើការបកស្រាយឲ្យលម្អិតបានទេ គឺយើងរងចាំការអនុវត្តផ្ទាល់តែម្តង នៅពេលនេះ យើងគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាល ពិតជាបានលុបចោលនៅគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង នេះយ៉ាងពិតប្រាកដមែន៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner